ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្យ័យម្នាក់ ពាក់ព័ន្ធ​ករណី​ប្រើហិង្សា

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ បើ​យោង​តាម​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅថ្ងៃព្រហស្បតិ៍​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាលស្រុកភ្នំព្រឹក បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រើអាវុធ (កាំបិត) បណ្តាលជនរងគ្រោះមានរបួស កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៦និង៣០នាទី ត្រង់ចំណុចក្រុមទី៣៥ ភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ជនសង្ស័យឈ្មោះ សុន ហួ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ជនរងគ្រោះឈ្មោះ ញ៉ែម សុផល ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានរងរបួសនៅផ្នែកក្បាល ០១កន្លែង និងដាច់រយះមេដៃខាងស្តាំ ០១កន្លែង ត្រូវបានក្រុមគ្រួសារនាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។

លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានបញ្ជាក់ថា ជនសង្ស័យខាងលើ តែងតែបង្កហេតុមកលើជនរងគ្រោះជារឿយៗ នាពេលកន្លងមក រហូតសមត្ថកិច្ចធ្វើការអប់រំណែនាំគាត់រួចមកហើយ លុះដល់ថ្ងៃកើតហេតុ រូបគេបានធ្វើសកម្មភាពនេះឡើងតែម្តង ប៉ុន្តែនៅពេលឃាត់ខ្លួនសមត្ថកិច្ចបានពិនិត្យឃើញថា យុវជនរូបនេះ មានផ្ទុកនូវសារធាតុញៀនក្នុងខ្លួនទៀតផង។

បច្ចុប្បន្ន​ករណីនេះ សមត្ថកិច្ចនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់ ៕

ដោយ៖ អរុណរះ


ចែករំលែក៖