ព័ត៌មានទាន់ហេតុការណ៍៖

អ្នកឧកញ៉ា គិត ម៉េង ៖ វិបត្តិនៅពាក់កណ្តាលជីវិត៖ តើមានតែខ្ញុំម្នាក់ឯងឬដែលមានវិបត្តិនេះ?

ចែករំលែក៖

ភ្នំពេញ ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហោះលើផេកផ្លូវការ របស់ អ្នកឧកញ៉ា យ៉ាងដូច្នេះថា, អាយុពាក់កណ្តាលជីវិតគឺមានន័យទៅតាមការគិតរបស់បុគ្គលម្នាក់ៗ។  តាមអ្វីដែលខ្ញុំគិត អាយុពាក់កណ្តាលជីវិតគឺជាពេលដែល “មនុស្សម្នាក់ស្ថិតនៅចន្លោះវ័យជំទង់ និងវ័យចំណាស់”។  អ្នកអាចយល់ឃើញផ្សេងពីនេះ។  ប៉ុន្តែ តាមការយល់ដឹងរបស់ខ្ញុំ វាកើតឡើង នៅពេលយើងអាយុ២០ប្លាយ ដល់អាយុ៤០ប្លាយ។

អ្នកឧកញ៉ា បានលើកឡើងថា, មិនថាយើងមាន ឬគ្មានវិបត្តិនៅអាយុពាក់កណ្តាលជីវិតក្តី ពាក់កណ្តាលជីវិតមនុស្សពិតជាពេលវេលាដ៏លំបាកសម្រាប់មនុស្សជាច្រើន។  ហេតុផលទូទៅមួយដែលអ្នកចិត្តសាស្រ្តជាច្រើនបានហៅថា “វ័យពី៤០ ទៅជិត៦០ឆ្នាំ” គឺត្រូវចិញ្ចឹមបីបាច់កូន ថែរក្សាឪពុកម្តាយដែលមានវ័យចំណាស់ ខណៈពេលដែលអ្នកកំពុងព្យាយាមឱ្យមានតុល្យភាពកិច្ចការទាំងនេះជាមួយនឹងការយកចិត្តទុកដាក់លើខ្លួនឯង។  បន្ទុកនៃការមើលថែអាចកាន់តែធ្ងន់ធ្ងរថែមទៀត សម្រាប់អ្នកដែលមានពេលវេលាតិច ឬធនធានហិរញ្ញវត្ថុមានកម្រិត។  បញ្ហាប្រឈមទាំងនេះកាន់តែធ្ងន់ដោយសារការផ្លាស់ប្តូរផ្ទាល់ខ្លួន គឺការសង្កេត និងការយល់ដឹងរបស់អ្នក ពីព្រោះកម្លាំង និងជំនាញដែលអ្នកមានពីមុនចាប់ផ្តើមធ្លាក់ចុះជាលំដាប់។

ទោះជាយ៉ាងណាក៏ដោយ អ្នកអាចធ្វើការដើម្បីកាត់បន្ថយវិបត្តិនៅពាក់កណ្តាលជីវិត ដោយធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃចំនួនពីរទាក់ទងពីរបៀបនៃការគិតអំពីអាយុពាក់កណ្តាលជីវិត។

ការសម្រេចចិត្តទីមួយ៖ សូមជ្រើសរើសផ្តោតលើអ្វីដែលអាយុពាក់កណ្តាលជីវិតនេះផ្តល់ឱ្យអ្នក មិនមែនអ្វីដែលអ្នកបាត់បង់នោះទេ។  ចំណុចទាំងនេះរួមបញ្ចូលការពង្រីកសមត្ថភាពក្នុងការទទួលយកថា យើងនឹងមានភាពរីកចម្រើនខាងផ្លូវចិត្ត ជាមួយនឹងបទពិសោធជីវិតយូរជាងនេះ។ អ្នកអាចចែករំលែក និងបង្រៀនមនុស្សជំនាន់ក្រោយឲ្យយល់ពីចំណុចស្មុគស្មាញទាំងនេះ។  ការពិតនោះគឺគ្មាននរណាម្នាក់កាន់តែក្មេងជាងវ័យនោះទេ។  ម្យ៉ាងវិញទៀត ជាការពិតដែរថាអ្នកមិនបានឆ្លងកាត់វិបត្តិពាក់កណ្តាលជីវិតតែម្នាក់ឯងនោះទេ។

ការសម្រេចចិត្តទីពីរ៖ ជ្រើសរើសការដកចេញនូវអ្វីមួយ ជាជាងការបន្ថែម។ កាលនៅវ័យក្មេង ភាពជោគជ័យជាធម្មតាកើតចេញពីការបន្ថែម៖ ប្រាក់កាន់តែច្រើន ការទទួលខុសត្រូវកាន់តែច្រើន ទំនាក់ទំនងកាន់តែច្រើន ទ្រព្យសម្បត្តិកាន់តែច្រើន។  ទោះយ៉ាងណាក៏ដោយ នៅពេលអ្នកចូលពាក់កណ្តាលជីវិត អ្នកគួរតែបន្ថយល្បឿនក្នុងការបូកបន្ថែមមុខងារ និងកិច្ចការមិនចាំបាច់ ហើយងាកមកផ្តោតអារម្មណ៍លើកាតព្វកិច្ចដែលអ្នកកំពុងមាន។ គតិនេះនឹងជួយអ្នកឱ្យធ្វើការលើតុល្យភាព និងកំណត់អាទិភាពលើរឿងសំខាន់ៗ ដូចជា ការមមាញឹកលើជីវិតផ្ទាល់ខ្លួន គ្រួសារ  កម្លាំងកាយ ភាពស្មុគស្មាញនៃការងារ ហើយជាការពិតណាស់ ការគេងឱ្យបានគ្រប់គ្រាន់។  ជាថ្មីម្តងទៀត អ្នកមិនបានឆ្លងកាត់វិបត្តិពាក់កណ្តាលជីវិតម្នាក់ឯងនោះទេ។

ជាការពិត សម្រាប់មនុស្សភាគច្រើន ជីវិតកាន់តែប្រសើរឡើង ដោយពេលចាប់ផ្តើមពីវ័យកណ្តាល។  ជាច្រើនឆ្នាំក្រោយការឈានចូលវ័យកណ្តាល ជាមួយនឹងការរៀបចំជីវិត យើងអាចទទួលបានសុភមង្គលជាងមុន មានភាពបត់បែនក្នុងជីវិតជាងមុន មានគតិបណ្ឌិតថ្មី មានពិសោធន៍ច្រើនជាងមុន និងមនសិការល្អៗកាន់តែច្រើន។  អ្នកនឹងប្រឈមមុខនឹងការលំបាក និងឧបសគ្គដោយចៀសមិនផុត ដូចនៅចំណុចផ្សេងទៀតក្នុងជីវិតរបស់អ្នកដែរ។  ប៉ុន្តែប្រសិនបើអ្នកធ្វើការជ្រើសរើសត្រឹមត្រូវ អាយុពាក់កណ្តាលជីវិតអាចជាឱកាសដ៏ល្អបំផុត ដូចអ្វីដែលយើងធ្លាប់ឮថា “អារម្មណ៍២០ឆ្នាំក្នុងវ័យ៣០”។ ប៉ុន្តែ ខ្ញុំមានឃ្លាមួយទៀតគឺ “អារម្មណ៍២០ឆ្នាំក្នុងវ័យកណ្តាល”៕

ដោយ ៖ សហការី


ចែករំលែក៖