ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ Prius ពន្លះបង្កាន់ដៃស្ពានអាកាសចោមចៅបាក់ស្លាកសញ្ញាចរាចរណ៍មួយដើម​ និងរថយន្តបង្ករងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ អ្នកបេីកបរខ្វះការប្រុងប្រយ័ត្ន​ បានបេីករថយន្តម៉ាក​Toyota Priusមួយគ្រឿងក្នុងល្បឿនលឿន​ហើយរេចង្កូតទៅមុខបង្កាន់ដៃស្ពានអាកាសចោមចៅពេញទំហឹងបណ្ដាលឱ្យបាក់ស្លាកចរាចរណ៍មួយដើម ចំណែករថយន្តបង្ករងការខូចខាតយ៉ាងដំណំ​ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១២​និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅត្រង់ចំណុចគល់ស្ពានអាកាសចោមចៅ​ កែងផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​    បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុ​ គេឃើញរថយន្តម៉ាក​ Toyota Prius មួយគ្រឿង ពណ៌ប្រផេះ​ ពាក់ផ្លាកលេខភ្នំពេញ2BS-3620 បើកបរដោយបុរសម្នាក់ជាលក្ខណៈគ្រួសារមានប្រុសស្រីចាស់ក្មេងចំនួន៥នាក់ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ពីលិចទៅកើតក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅ​ ពេញទំហឹងបណ្ដាលឱ្យស្លាកសញ្ញាចរាចរណ៍មួយដើមនៅជាប់នឹងបង្កាន់ដៃស្ពានបានបាក់​ ។​ ចំណែករថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡេីយ​ ។ 

​    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖