ភ្នំពេញ ៖ របាំងថ្មពុះចែកទ្រូងផ្លូវមួយកង់នៅជាប់ផ្លូវលេខ៥៩៨ កែងនឹងផ្លូវ លលេខ៣១៧ ស្ថិតនៅខាងជើងភ្លើងស្តុបត្រឡោកបែក ត្រូវរថយន្តម៉ាកToyota Priusមួយគ្រឿងបេីកបុកនិងអូសជាច្រេីនម៉ែត្រ កាលពីវេលាម៉ោង៣និង២០ នាទីទៀបភ្លឺ ថ្ងៃទី ០៣ ខែកុម្ភៈឆ្នាំ ២០២៣ ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេ ឃើញរថយន្តម៉ាក Toyota Prius មួយគ្រឿង ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2BF-8032ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចកែងនឹងផ្លូវលេខ៣១៧ចំណុចកើតហេតុខាងលើ បានគេចពីម៉ូតូដែលជិះឆ្លងផ្លូវ ក៏បានរេចង្កូតមកឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវមួយកង់ពេញទំហឹង និងអូសរបាំងថ្មតាមរថយន្តជាច្រើនម៉ែត្រ រីឯរថយន្តបង្កខ្ទេចមួយចំហៀងខាងមុខ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ