ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលទាំងយប់! ប្រជាពលរដ្ឋកំពុងតែមើលការប្រគំតន្ត្រី WATTANAK តាំងពិព័រណ៍លក់ស្រាបៀរនិងភេសជ្ជៈ អ្នកភ្លេងម្នាក់ត្រូវបានគេលួចបាញ់ សមត្ថកិច្ចតាមប្រមាញ់ចាប់បានក្មេងទំនើង៤នាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ អ្នកភ្លេងម្នាក់កំពុងលេងតន្ត្រីWATTANAk លក់ស្រាបៀរនិងភេសជ្ជៈស្រាប់តែមានក្មេងទំនើងលួចបាញ់ប្រហារត្រូវ១គ្រាប់កង់រងរបួស ធ្វើឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលរាត្រី ដែលគេសង្ស័យថា នេះជាគ្រាប់ចម្ពាមបាញ់គ្រាប់កង់ ដែលគេទិញពីអ្នកលក់តាមអនឡាញ។ ភ្លាមៗនោះសមត្ថកិច្ចក៏បានតាមបង្ក្រាបក្រុមក្មេងទំនើងដែលសង្ស័យថាជាជនដែដល់បាន៤នាក់ ហើយក្រោយការឆែកឆេរ សមត្ថកិច្ចរកឃើញកាំភ្លើងខ្លីមួយដើមនិងគ្រាប់មួយចំនួន។ ទោះជាយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បង្ហាញអត្តសញ្ញាណ និងមូលហេតុក្នុងការកើតហេតុនោះនៅឡើយទេ។ ហេតុការណ៍ធ្វើឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង៩យប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង។

   បើតាមប្រភពនៅកន្លែងកើតហេតុគេក៏មិនដឹងដែរថា: មុនកើតហេតុតារាចម្រៀងកំពុងច្រៀង និងជនរងគ្រោះកំពុងលេងភ្លេងសុខៗ ស្រាប់តែមានការភ្ញាក់ផ្អើល ព្រោះអ្នកភ្លេងត្រូវគេលបបាញ់ប្រហារត្រូវចំមុខ ហើយក្រោយការភ្ញាក់ផ្អើលគេរកឃើញគ្រាប់កង់នៅក្បែរនោះ គាប់ជួនតារាខុងខុយជិតមកដល់។ ប្រភពមួយផ្សេងទៀតបានឱ្យដឹងដែរថា: មុនកើតហេតុគេឃើញក្មេងមិនគ្រប់សតិម្នាក់កាន់ចម្ពាមកៅស៊ូដែលគេធ្លាប់ឃើញគេផ្សាយលក់តាមអនឡាញ។ 

   ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចក៏បានចាប់ក្មេងមិនគ្រប់សតិខាងលើនោះ ឆែកឆេររកវត្ថុតាងដែលសង្ស័យ តែសមត្ថកិច្ចរកមិនឃើញទៅលើក្មេងនោះឡើយ សមត្ថកិច្ចក៏បានដោះលែងទៅវិញហើយក៏បានបន្តដាក់កម្លាំងតាមស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនក្មេងទំនើង៤នាក់នៅខាងក្រោយសាលាខេត្ត ជាប់គ្នានឹងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ។ ក្រោយការឆែកឆេរ  សមត្ថកិច្ចបានរកឃើញកាំភ្លើងខ្លី១ដើម បង់១ និងគ្រាប់ជិតដប់គ្រាប់និងវត្ថុតាងមួយចំនួនទៀត។

    រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់បង្ហាញអត្តសញ្ញាណជនសង្ស័យជាក្មេងទំនើងទាំង៤នាក់នោះនៅឡើយទេ។ សមត្ថកិច្ចគ្រាន់តែបញ្ចាក់ថា: មិនអាចបង្ហាញអត្តសញ្ញាណជនសង្ស័យ បាននៅឡើយនោះទេ ព្រោះឋិតក្នុងការតាមដាននិងស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ក្រោយធ្វើសកម្មភាពសមត្ថកិច្ចរកឃើញវត្ថុតាង ដែលជនដៃដល់បានបាញ់ប្រហារ ទៅលើជនរងគ្រោះ វាជាគ្រាប់កង់ មិនមែនគ្រាប់កាំភ្លើងឡើយ៕

ដោយ៖ មាស សុផាត


ចែករំលែក៖