ព័ត៌មានទាន់ហេតុការណ៍៖

មានករណី​ សិស្សសាលាជិត ២០នាក់ដួលសន្លប់ជាបន្តបន្ទាប់មិនទាន់ដឹងពីមូលហេតុ នៅឃុំប្រម៉ោយ​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មានករណី​ សិស្សសាលាជិត ២០ នាក់ដួលសន្លប់ជាបន្តបន្ទាប់មិនទាន់ដឹងពីមូលហេតុ នៅឃុំប្រម៉ោយ​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់ ។ នេះបើយោងតាមការ រាយការណ៍ របស់អង្គភាព មន្ទីរ​ព័ត៌មាន​ខេត្ត​ពោធិ៍សាត់​ សូម​គោរព​​ជូន លោករដ្ឋមន្ត្រី​ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។ 

អង្គភាព មន្ទីរ​ព័ត៌មាន​ខេត្ត​ពោធិ៍សាត់​ បានបញ្ជាក់ថា, អំពីករណី​ សិស្សសាលាជិត ២០ នាក់ដួលសន្លប់ជាបន្តបន្ទាប់មិនទាន់ដឹងពីមូលហេតុ ។ ដោយបញ្ជាក់ថា, សិស្សស្រីចំនួន ១៨នាក់បានដួលសន្លប់ជាបន្តបន្ទាប់ក្នុងនោះអ្នកខ្លះមានអាការ:ទន់ដៃទន់ជើងថប់ដង្ហើមត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពប្រម៉ោយ។

ករណីនេះកើតឡើងនៅថ្ងៃទី ៣ និងទី ៣ខែកុម្ភៈ​ ឆ្នាំ២០២៣ ក្នុងសាលាវិទ្យាល័យ ហ៊ុនសែនប្រម៉ោយ ស្ថិតក្នុងភូមិ ប្រម៉ោយ​ ឃុំប្រម៉ោយ​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់។

លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែងបញ្ជាក់ឲ្យដឹងថា សិស្សដែលបានដួលសន្លប់ទាំងអស់នោះសុទ្ធតែជាសិស្សស្រីរៀននៅថ្នាក់ទី៨.ទី៩ ទី១១ និងទី១២ ក្នុងនោះមានពីរ​ ទៅបីនាក់​ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរប៉ុន្តែមកដល់រសៀលថ្ងៃនេះមានអាការ:ធូរស្បើយទាំងអស់គ្នាឡើងវិញហើយ។ ទោះយ៉ាងនេះក្តី ក្រុមគ្រូពេទ្យនិងសមត្ថកិច្ចកំពុងយកចិត្តទុកដាក់តាមដានបន្តទៀតរហូតដល់សិស្សទាំងនោះបានធូរស្រាលជាធម្មតាឡើងវិញផងដែរ។ចំពោះករណីសិស្សដួលសន្លប់ជាបន្តបន្ទាប់ខាងលើ ក្រុមគ្រូពេទ្យនិងសមត្ថកិច្ចជំនាញមិនទាន់បានដឹងច្បាស់ពីមូលហេតុនៅឡើយទេ​ ដោយគ្រាន់តែសន្និដ្ឋានជាបឋមថាភាគច្រើនអាចបណ្ដាលមកពីខ្វះអាហាររូបត្ថម្ភដោយឃើញសិស្សម្នាក់ពីរនាក់ក្នុងថ្នាក់ដួលសន្លប់ធ្វើឱ្យអ្នករៀនជាមួយគ្នាឃើញផ្ដោតអារម្មណ៍ក៏សន្លប់តាមគ្នាតែម្ដង ៕

ដោយ ៖ សិលា


ចែករំលែក៖