ខេត្តកោះកុង៖ វាជារឿងដែលគួរឲ្យហួសចិត្តដែលបានកើតឡើងនៅក្នុងសង្គមបច្ចុប្បន្នដែលប្រការនេះធ្វើឲ្យមហាជនចាស់ទុំយល់ថាសីលធម៌សង្គមខ្មែរធ្លាក់ចុះគួរ ឲ្យព្រួយបារម្ភ។ ករណីជាក់ស្ដែងមួយបានកើតឡើងដល់ក្មេងប្រុសអាយុ១៦ឆ្នាំជាប់ចោទពីបទប៉ុនប៉ងរំលោភក្មេងស្រីអាយុ១១ឆ្នាំនៅស្រុកស្រែអំបិលខេត្តកោះកុង។
បើតាមមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលដងពែងបានឲ្យដឹងថា នៅថ្ងៃទី០២ ខែកុម្ភៈឆ្នាំ ២០២៣ វេលាម៉ោង ៨ និង ២៥ នាទីប៉ុស្តិ៍រដ្ឋបាលដងពែងបានទទួលពាក្យបណ្ដឹងពីឈ្មោះ គុណ សាមុត ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរសព្វថ្ងៃកសិករមានទីលំនៅបច្ចុប្បន្នភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល បានប្ដឹងពីឈ្មោះ ធឿន មករា ភេទប្រុស អាយុ ១៦ ឆ្នាំជនជាតិខ្មែរ សព្វថ្ងៃរស់ នៅក្នុងបន្ទុកមានទីលំនៅបច្ចុប្បន្នភូមិឃុំជាមួយគ្នាពីបទប៉ុនប៉ងចាប់រំលោភលើកូនស្រីរបស់គាត់ឈ្មោះម ភ ត ភេទស្រីអាយុ១១ ឆ្នាំមុខរបរសិស្សកាលពីថ្ងៃទី០១ ខែ កុម្ភៈឆ្នាំ ២០២៣ វេលាម៉ោង១១:០៥នាទីនៅចំណុចក្នុងព្រៃក្បែរចំការចន្ទីស្ថិតក្នុងភូមិឃុំខាងលើ។
ប្រភពខាងលើបានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃកើតហេតុជនសង្ស័យបានបបួលក្មេងស្រីរងគ្រោះទៅបេះផ្លែគរក្នុងចំការខាងជើងភូមិ។ នៅពេលទៅដល់ចំការគរដែលមានសភាពស្ងាត់ក្មេងប្រុសក៏បានចាប់ឱបក្មេងស្រីផ្ដួលទៅ លើដីប៉ុនប៉ងរំលោភ។ ប៉ុន្តែក្មេងស្រីបានរើបម្រាស់និងស្រែកឲ្យអ្នកភូមិជួយហើយក្មេប្រុសក៏បានលែងក្មេង ស្រីនោះទៅ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការនគរបាលស្រុកស្រែអំបិល និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋានចាត់ការបន្ត៕
ដោយ៖ សូរិយា