ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី៤និងទី៥ ខែកុម្ភៈ តុលាការសម្រេចបញ្ជាឱ្យឃុំខ្លួនជនត្រូវចោទ៣នាក់ករណីផ្សេងគ្នា

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន ជនត្រូវចោទចំនួន៣នាក់ក្នុងករណីផ្សេងៗគ្នា ។

   យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន លេខ៨០ ឃ.ខ ២៣ ចុះថ្ងៃសៅរ៍ ១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ចេញដោយលោកចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ បានបង្គាប់ៈ ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ យស វង្សរតនា ហៅក្ដី ភេទប្រុស អាយុ៣៥ឆ្នាំ ទៅមន្ទីរឃុំឃាំងខេត្តពោធិ៍សាត់ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ ជាប់ចោទពីបទៈ ឆបោក ប្រើប្រាស់លិខិតក្លែង(ក្លែងវិក័្កយបត្រវេរលុយ)និងប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រិត្តនៅភូមិពោធិ៍ដំណាក់ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ។

   ចំណែកមួយករណីទៀតយោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន លេខ៨២ ឃ.ខ ២៣ ចុះថ្ងៃសៅរ៍ ១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤  ខែកុម្ភៈ ឆ្នាំ២០២៣ ដែរ ចេញដោយ លោក សែន លីណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីធានាការស៊ើបអង្កេតឱ្យបានល្អ បង្គាប់ឱ្យឃុំខ្លួនឈ្មោះ ឆេង ប្រុសពៅ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មុខរបរ មិនពិតប្រាកដ កាន់សាសនាព្រះពុទ្ធ កម្រិតវប្បធម៌ថ្នាក់ទី៦ ស្ថានភាពគ្រួសារ នៅលីវ ជននេះត្រូវដាក់ក្រោមការពិនិត្យពីបទ ហិង្សាដោយចេតនា ប្រព្រឹត្តនៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ។

   ដោយឡែកយោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន លេខ ៨៤ ឃ.ខ ២៣ ចុះថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ចេញដោយលោក សែន លីណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ដែរនោះ បានសម្រេចបញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសារធាណៈនាំជនត្រូវចោទដែលមានឈ្មោះ នឹម ស៊ីនេង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិវត្តពោធិ៍ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ទីលំនៅបច្ចុប្បន្ន ភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុង.ខេត្តពោធិ៍សាត់ មុខរបរ បើកបររថយន្ត កាន់សាសនាព្រះពុទ្ធ កម្រិតវប្បធម៌ថ្នាក់ទី៤ ស្ថានភាពគ្រួសារ មានប្រពន្ធ និងកូនចំនួន០២នាក់ ពីបទៈ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្ដាលឱ្យរងរបួសដល់អ្នកដទៃ ប្រព្រឹត្តនៅលើផ្លូវក្រាលកៅស៊ូ ខាងត្បូងវត្តបន្ទាយដី ស្ថិតនៅភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុង.ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖