ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាង៣០ម៉ឺននាក់ សម្រាប់សប្ដាហ៍ចុងខែមករា និងដើមខែកុម្ភៈ

ចែករំលែក៖

ភ្នំពេញ៖ យោងតាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅថ្ងៃពុធទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះថា៖ ចុងសប្តាហ៍ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជា​ ទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបមានចំនួន៣០៣,១៤៩នាក់ ក្នុងនោះភ្ញៀវជាតិ២៥៧,១៣៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៤៦,០១២នាក់។

ក្រសួង​ទេសចរណ៍​ បានគូសបញ្ជាក់ថា​ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តព្រះសីហនុ ៨៣,៩២៨នាក់

* រាជធានីភ្នំពេញ ៣៨,៣៣១នាក់

* ខេត្តសៀមរាប ៣៧,៩២៦នាក់

* ខេត្តកំពត ២២,៣៥៨នាក់

* ខេត្តបាត់ដំបង ១៩,៦៨៣នាក់

* ខេត្តកំពង់ចាម ១៣,៨៧៤នាក់

* ខេត្តកណ្តាល ១៣,៣២៦នាក់

* ខេត្តពោធិ៍សាត់ ១០,៤០៤នាក់។

ក្រសួង​ទេសចរណ៍​ បានបន្ថែមថា​ កម្ពុជា​ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣​ បានរៀបចំព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៦ឡើងវិញ នៅតំបន់អង្គរ ខេត្តសៀមរាប ដោយមានអ្នកចូលរួមលើសការរំពឹងទុកប្រមាណជាង១ពាន់នាក់ មកពី៤៣ប្រទេស ភាគច្រើនមកពីអីរ៉ុប ពិសេសបារាំង។ ព្រឹត្តិការណ៍នេះ ក៏បង្ហាញពីគោលដៅសុវត្ថិភាពរបស់កម្ពុជា និងការត្រៀមរៀបចំឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងជាព្រឹត្តិការណ៍ការចូលរួមក្នុងយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) ផងដែរ។

ដោយឡែក នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធីបុណ្យមាឃបូជា ប្រជាពលរដ្ឋដែលជាពុទ្ធសាសនិកបានធ្វើដំណើរទៅប្រារព្ធពិធីបុណ្យនៅតាមវត្តអារាមនានា ហើយខ្លះក៏បានបន្តដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖