ខ្សែបម្រើស្លាបអន្តរជាតិហ្គាណាកីឡាករ Christian Atsu ត្រូវបានគេរកឃើញនៅរស់រានមានជីវិតបន្ទាប់ពីត្រូវបានកប់នៅក្រោមគំនរបាក់បែកនៅក្នុងការរញ្ជួយដីដែលបានវាយប្រហារប្រទេសទួរគី។ នេះបើយោងតាមអនុប្រធានក្លិបរបស់គាត់ Hatayspor បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារ។
Atsu ដែលលេងឱ្យក្លិប Hatayspor ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួននៅក្នុងខេត្ត Hatay ភាគខាងត្បូងនៃប្រទេសទួរគីបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧.៨រិចទ័រ ដែលបានធ្វើឱ្យអគាររាប់ពាន់ខ្នងបានបាក់សម្លាប់មនុស្សប្រហែល៥,០០០នាក់នៅក្នុងទីក្រុងជាច្រើននៃប្រទេសទួរគី និងស៊ីរីកាលពីថ្ងៃចន្ទ។
អនុប្រធានក្លិបលោក Mustafa Ozak បាននិយាយថា “Christian Atsuត្រូវបានទាញចេញដោយរបួស។ នាយកកីឡារបស់យើងគឺ Taner Savutជាអកុសលនៅតែស្ថិតនៅក្រោមគំនរបាក់បែកដែលមិនអាចជួយបាន“។
Atsu វ័យ៣១ឆ្នាំធ្លាប់លេងនៅ Premier League ឲ្យក្លិបសារិកាព្រៃNewcastle United និង Everton ក្នុងលក្ខខណ្ឌខ្ចីជើងពី Chelsea ហើយបានចូលរួមជាមួយក្លិប Hatayspor ក្នុងខែកញ្ញា។ គាត់បានបង្ហាញខ្លួនឲ្យជម្រើសជាតិហ្គាណាចំនួន៦០លើក និងលើកចុងក្រោយរបស់គាត់កាលពីខែកញ្ញា ឆ្នាំ២០១៩ ប៉ុន្តែមិនបានចូលនិវត្តន៍ជាផ្លូវការពីបាល់ទាត់អន្តរជាតិទេ។
លោក Ozak បានប្រាប់ BeIN Sports កាលពីថ្ងៃចន្ទថា កីឡាករ និងមន្ត្រីជាច្រើននាក់ត្រូវបានជួយសង្គ្រោះពីគំនរបាក់បែក។ សមាគមបាល់ទាត់ហ្គាណាបាននិយាយនៅលើ Twitter ថា “យើងអធិស្ឋានសម្រាប់ Ghana International Christian Atsu និងជនរងគ្រោះនៃការរញ្ជួយដីនៅប្រទេសទួរគី និងស៊ីរី” ។
ប្រទេសរាប់សិបបានផ្តល់ជំនួយចាប់តាំងពីការរញ្ជួយដីកម្រិត៧.៨រិចទ័របានវាយប្រហារកាលពីព្រឹកថ្ងៃចន្ទ ខណៈដែលមនុស្សកំពុងដេក ហើយអាកាសធាតុត្រជាក់បានរារាំងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ទាន់នៃហេតុការណ៍រញ្ជួយដីនេះផងដែរ។
អគារ ផ្ទះល្វែងច្រើនជាន់ដែលពោរពេញដោយអ្នករស់នៅស្ថិតក្នុងចំណោមសំណង់ជាង៥,៦០០ត្រូវបានកាត់បន្ថយទៅជាកម្ទេចថ្មក្នុងទីក្រុង នៃប្រទេសទួរគី ខណៈដែលប្រទេសស៊ីរីបានប្រកាសពីការដួលរលំរាប់សិបអគារផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)