ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ បានចេញ សេចក្តីជូនដំណឹង ស្ដីពីការរំលឹកខួប ៣ឆាំ្ន នៃការចូលចតរបស់នាវាទេសចរណ៍ “MS Westerdam” នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនប្រតិបត្តិករទេសចរណ៍ ដៃគូអភិវឌ្ឍន៍ ផ្នែករដ្ឋ ឯកជន សា្ថប័នពាក់ព័ន្ធ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនជ្រាបថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នាវាទេសចរណ៍អន្តរជាតិ MS Westerdam ដែលមានអ្នកដំណើរ និងក្រុមនាវិកសរុបចំនួន ២,២៥៧ នាក់ត្រូវបាន រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាពខណៈដែលពិភពលោក កំពុងប្រឈមនឹងវិបត្តិនៃជំងឺកូវីដ-១៩ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅដោយផ្ទាល់ពី សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូអមដំណើរជាច្រើនរូបនៅថ្ងៃបុណ្យនៃ សេចក្តីស្រឡាញ់។ តាមរយៈសកម្មភាពមនុស្សធម៌ជាប្រវត្តិសាស្ត្រនេះ បានធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ ជាពិសេស ការជឿជាក់មកលើសុខសន្តិភាពពេញលេញរបស់កម្ពុជាព្រមទាំងទទួលបានការកោតស្ញប់ស្ញែងពីថ្នាក់ដឹកនាំ នសា្ថប័នកំពូលៗពិភពលោក រួមមាន អង្គការសុខភាពពិភពលោក់ (WHO) អង្គការទេសចរណ៍ពិភពលោក (UNWTO) ស្ថានទូតអន្តរជាតិនានាប្រចាំកម្ពុជា និងសាធារណជនទូទៅ ដោយបានប្រសិទ្ធនាមថា“កម្ពុជា៖ ប្រទេសតូច តែរបេះដូង ទូលាយ – Cambodia: A Small Country with A Big Heart”។
កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត និងបៃតង ដែលបានបើកទទួលទេសចរអន្តរជាតិឡើងវិញ ទាំងស្រុងជាក់ស្ដែងកាលពីថ្ងៃទី១០-១៣ខែវិច្ឆិកាឆ្នាំ២០២២កម្ពុជាសម្រេចបានជោគជ័យយ៉ាងធំធេងក្នុងនាមជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធុ ជាលើកទី៣ នៅកម្ពុជាក្នុងនាមជាប្រធានប្តូរវេន ដែលបង្ហាញថា កម្ពុជា ពិតជាប្រទេសមានសុវត្ថិភាពបំផុតសម្រាប់ការមកទស្សនាកម្សាន្ត។ ក្នុងឆ្នាំ២០២៣ នេះ កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជាតិ អន្តរជាតិសំខាន់ៗ រួមមាន បុណ្យទន្លេនៅខេត្តកំពង់ធំ សប្ដាហ៍ម្ហូបអាហាររុស្ស៊ី នៅរាជធានីភ្នំពេញ ពិធីបុណ្យសមុទ្រនៅខេត្តកែប និងជាម្ចាស់ផ្ទះវេទិកាទេសចរណ៍មេគង្គនៅខេត្តព្រះសីហនុ ការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅរាជធានីភ្នំពេញ និងយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣ ក្រោមប្រធានបទ“Every Day is a Wonder” ដោយផ្តោតលើ MICE and Sports។
ក្នុងន័យនេះ ដើម្បីអបអរសាទរខួប ៣ឆ្នាំ នៃការចូលចតរបស់នាវាទេសចរណ៍អន្តរជាតិ MS Westerdam ក៏ដូចជាអប់អរសាទរ យុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” និងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិខាងលើ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ដៃគូអភិវឌ្ឍន៍ ផ្នែករដ្ឋ ឯកជន អ្នកសារព័ត៌មាន និងសាធារណជន ចូលរួមផ្សព្វផ្សាយវីដេអូ និងកម្រងរូបភាពនៃព្រឹត្តិការណ៍នេះឱ្យបាន ផុសផុល និងទូលំទូលាយ សំដៅទាក់ទាញទេសចរអន្តរជាតិឲ្យមកទស្សនាំ“កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយះ ផ្តល់ភាព កក់ក្ដៅ សុវត្ថិភាពស្អាត និងបៃតង” កាន់តែច្រើនថែមទៀត។
សូមទំនាក់ទំនងនាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយ ទេសចរណ៍ក្រៅប្រទេស នៃក្រសួងទេសចរណ៍ តាមរយៈលេខ ០១៧ ៩៣៨ ៣៩៣ ឬអ៊ីម៉ែល pnkvuly 1983@gmail.com សម្រាប់ព័ត៌មានបន្ថែម ៕
ដោយ ៖ សិលា