ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គន់ គីម ថ្លែងថា អតីតយុទ្ធជនជាប្រតិបត្តិករដ៏សំខាន់រួមចំណែកនាំមកនូវសុខសន្តិភាពជូនជាតិ

ចែករំលែក៖

ខេត្តបាត់ដំបង៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាថ្លែងថា ការកសាងទីស្នាក់​សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងគឺដើម្បីជួយដល់ការដោះស្រាយបញ្ហា និងតម្រូវការចាំបាច់របស់អតីតយុទ្ធជន។ 

នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម​អតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈអ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

    នាឱកាសនោះ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានពាំនាំយកនូវសេចក្តីនឹករឭក និងការសាកសួរសុខទុក្ខ ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ និងនឹករលឹកមកដល់អតីតយុទ្ធជនគ្រប់រូប គ្រប់ ពេលវេលា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ 

    នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា អ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជាទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារកម្ពុជាមានសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព។ 

    នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ថ្លែងទៀតថា ការផ្តល់អំណោយដី និងផ្ទះនាពេលនេះ គឺជាការឆ្លើយ​តបចំពោះការលះបង់និងការលំបាករបស់អតីតយុទ្ធជនដែលបានពលីចំពោះជាតិមាតុភូមិ។ ជាមួយនឹងការកសាងទីស្នាក់សមាគមនាពេលនេះ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងបន្តថា នេះជាយន្តការមួយ​បន្ថែមសម្រាប់ឱ្យថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្តអាចទទួលសំណូមពរ ឬដោះស្រាយតម្រូវការចាំបាច់ និងសេវានានាជូន​អតីតយុទ្ធជនក្នុងខេត្តរបស់ខ្លួន។ 

    នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិតគន់ គីមបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា ពិសេសថ្នាក់ដឹកនាំ​សមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខអតីតយុទ្ធជន ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព ដោយបន្តលើកកម្ពស់​ជីវភាព​រស់នៅរបស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ និងត្រូវមានវិធានការជួយពួកគាត់ពេលមានបញ្ហាឱ្យទាន់ពេលវេលា។ 

    បន្ថែមលើសពីនេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ដល់អតីតយុទ្ធជន​ដែលកំពុងរស់នៅតាមឃុំ -សង្កាត់ ដោយត្រូវបែងចែកភារកិច្ចគ្នា ចុះជួបសំណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យ​កាន់តែជិតស្និទ្ធជា​មួយអតីតយុទ្ធជនតាមខ្នងផ្ទះនីមួយៗដើម្បីឱ្យប្រាកដថា គ្រួសារដែលជួបការលំបាកទាំងអស់ទទួលបានការជួយពីសមាគមអតីតយុទ្ធជន​កម្ពុជា៕

ដោយ៖ សូរិយា


ចែករំលែក៖