ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យម្ហូបអាហារ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នាក់ការកណ្ដាលអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យម្ហូបអាហារ ដែលក្នុងនោះមានបទបង្ហាញសំខាន់ៗចំនួន៣ រួមមាន៖ 

(១). បទបង្ហាញអំពីច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ។

(២). បទបង្ហាញអំពីអនុក្រឹត្យស្ដីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការអង្កេតដាននិងការដកហូតម្ហូបអាហារ និង (៣). បទបង្ហាញអំពីកិច្ចការហាឡាលនៅកម្ពុជា។

សិក្ខាសាលានេះ រៀបចំឡើងក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ដោយមានការអញ្ជើញពីលោកបណ្ឌិត សួង ណយ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ និង លោក លឹម ផារ៉ា អនុប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា ព្រមទាំង លោក លោកស្រី ជាប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ជាច្រើនរូប។

សិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ គឺមានបំណងឱ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហារយល់ច្បាស់អំពីច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងអនុក្រឹត្យស្ដីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការអង្កេតដាននិងការដកហូតម្ហូបអាហារ ដែលតម្រូវឱ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហារត្រូវអនុវត្តទាំងអស់គ្នា។ ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ មានសារៈសំខាន់ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញឱ្យផលិតផលម្ហូបអាហារ មានសុវត្ថិភាព គុណភាព និងស្របតាមស្តង់ដាកំណត់ សំដៅធានាកម្រិត នៃការការពារអាយុជីវិតនិងសុខភាពប្រជាពលរដ្ឋ ធានាប្រសិទ្ធភាព នៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ផងដែរថា ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ឡាយព្រះហស្តលេខា ដាក់ឱ្យប្រើកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ តាមរយៈព្រះរាជក្រមលេខ នស/រកម/០៦២២/០០៦៕

ដោយ ៖ សហការី


ចែករំលែក៖