ព័ត៌មានទាន់ហេតុការណ៍៖

ប្លន់២ករណីនៅខណ្ឌពោធិ៍សែនជ័យកាលពី​យប់ថ្ងៃទី៨ឆ្លងចូលថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះករណីប្លន់,លួច,ឆក់ហាក់ដូចជាកក្រើកឡើងវិញនៅក្នុងរាជធានីភ្នំពេញ ជាពិសេសនៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ។ ពួកចោរអាចនិយាយថា មានសមត្ថភាពខ្ពស់ជាងសមត្ថកិច្ចឬក៏អាចនិយាយថា សមត្ថកិច្ចនអន់ជាងចោរ បានជាចោរធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រឬទីកន្លែងណាដែលពួកគេដឹងថាសមត្ថកិច្ចខ្សោយ។ជាក់ស្ដែងនៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ចោរលួចចោរឆក់ចោរប្លន់….ចោរអំបុក ចោរអំបែង ច្រើនជាងគេ ក៏ព្រោះតែសមត្ថកិច្ចនៃយើងខ្សោយពេក។

គ្រាន់តែនៅយប់ថ្ងៃទី៨ឆ្លងចូលថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៣ តាមអ្វីដែលប្រជាពលរដ្ឋដឹងគឺមានករណីចោរប្លន់៣ករណីកើតឡើង ។ នៅមានករណីចោរអំបុកចោរអំបែង ចោរគាស់ផ្ទះ,ចោរគាស់កុដិលោក…..សុទ្ធតែចោរព្រោងព្រាតដែលសមត្ថកិច្ចឬប្រជាពលរដ្ឋមិនដឹងនោះ។ រីឯសមត្ថកិច្ចដ៏ឧត្តុងឧត្តមនៃប្រជាពលរដ្ឋខណ្ឌពោធិ៍សែនជ័យត្រូវគេរាយការណ៍ថា បានចំណាយពេលភាគច្រើននៅក្នុងម៉ាតម៉ាស៊ីនត្រជាក់ឬនៅហាងផឹកស៊ីជាដើម។

ករណីជាក់ស្ដែងមួយគឺនារីវ័យក្មេង២នាក់ឈប់ម៉ូតូរង់ចាំមិត្តភក្ដិត្រូវបានជនសង្ស័យ២នាក់(ចោរ)ជិះម៉ូតូមកធ្វេីសកម្មភាពវាយប្លន់យកម៉ូតូទៅបាត់ហើយគេចខ្លួនដោយសុវត្តិភាព បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣​ នៅចំណុចមុខបុរីប៊ុនហួ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ លុះព្រឹកឡេីងទេីបជនរងគ្រោះដាក់ពាក្យបណ្តឹង។

ជនរងគ្រោះឈ្មោះស្រី នីត ភេទស្រីអាយុ២២ឆ្នាំនិងម្នាក់ទៀតឈ្មោះ ម៉ៅ ស្រីពៅ ។ ចំណែកម៉ូតូដែលជនសង្ស័យវាយប្លន់ទៅនោះម៉ាកហុងដា Beat ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IT- 4527។

តាមការរៀបរាប់របស់ជនរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុគាត់បានជិះម៉ូតូមកឈប់ចាំមិត្តភក្ដិនៅមុខបុរីប៊ុនហួ។ បន្ទាប់មកស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូ១គ្រឿងមិនចាំស្លាកលេខមកធ្វេីសកម្មភាពវាយប្លន់យកម៉ូតូជិះគេចខ្លួនបាត់ទៅ។  ភ្លាមៗនោះគាត់បានស្រែកឱ្យគេជួយដែរតែជនសង្ស័យជិះចេញទៅបាត់ទៅ។ ក្រោយកេីតហេតុដោយ​សារ​តែយប់ជ្រៅមិនដឹងថាទៅដាក់ពាក្យបណ្តឹងនៅទីណា និងមិនស្គាល់ប៉ុស្តិ៍នគរបាលផងទេីបរង់ចាំព្រឹកសឹមមកដាក់ពាក្យបណ្តឹង ដេីម្បីសុំការអន្តរាគមន៍ពីសមត្ថកិច្ច។

សូមបញ្ជាក់ផងដែរថា នៅយប់កេីតហេតុនៅចំណុចផ្លូវជាតិលេខ៣ ជិតច្រកចូលវត្តព្រៃស្ពឺក៏មានក្រុមជនសង្ស័យវាយប្លន់យកម៉ូតូពីជនរងគ្រោះមួយករណីទៀតដែរតែមិនបានសម្រេច។

យេីងសង្កេតឃេីញថា នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យបទល្មេីស លួច ឆក់ ប្លន់ កំពុងកេីនឡេីងជារៀងរាល់ថ្ងៃធ្វេីឲ្យពលរដ្ឋមានការព្រួយបារម្ភ។ យ៉ាងណា ក៏ដោយអាជ្ញាធរមានសមត្ថកិច្ចហាក់ដូចជាមិនបានបង្ហាញពីការតាំងចិត្តណាមួយដើម្បីបន្ថយសេចក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះឡើយ៕

ដោយ៖ សូរិយា


ចែករំលែក៖