ព័ត៌មានទាន់ហេតុការណ៍៖

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ចេញវិញ្ញាសាឱ្យលោកស្រីចៅសង្កាត់ព្រែកថ្មី ដែលទើបឡើងថ្មីត្រូវខិតខំអនុវត្ត

ចែករំលែក៖

ភ្នំពេញ៖ ជាថ្មីម្ដងទៀតលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានចេញវិញ្ញាសាឲ្យលោកស្រីចៅសង្កាត់ព្រែកថ្មីដែលទើបប្រកាសចូលកាន់តំណែង ត្រូវខិតខំបំពេញការងារបំរើប្រជាពលរដ្ឋ ដែលបានគាំទ្រដល់លោកស្រីចៅសង្កាត់ ឲ្យឡើងចូលកាន់តំណែងជាចៅសង្កាត់ព្រែកថ្មី ជំនួសលោកលីវ វណ្ណថេង អតីតចៅសង្កាត់ព្រែកថ្មី. ដែលបានដាក់ពាក្យលាឈប់ និងផ្ទេរភារៈកិច្ចទៅកាន់តំណែងជាអភិបាលរងស្រុកកៀនស្វាយ ។

   ពិធីប្រកាសផ្លាស់ប្តូរនិងទទួលស្គាល់ប្រធានក្រុមប្រឹក្សានិងជាចៅសង្កាត់ព្រែកថ្មី ចូលកាន់តំណែងជាផ្លូវការនេះបានប្រព្រឹត្តទៅនៅព្រឹក ថ្ងៃព្រហស្បតិ៍  ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក  ព.ស ២៥៦៦  ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ  ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ ។

     យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានសម្រេច តែងតាំងលោកស្រី វ៉ា សារិន ជាចៅសង្កាត់ព្រែកថ្មីជំនួសលោក លីវ ថេង ដែលបានដាក់ពាក្យលាឈប់ និងផ្ទេរភារៈកិច្ចទៅកាន់តំណែងជាអភិបាលរងស្រុកកៀនស្វាយ ។

     មានមតិសំណេះសំណាលនិងផ្តាំផ្ញើនៅក្នុងអង្គពិធីលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដាក់ចេញនូវិញ្ញាសាចំនួន៤ សំខាន់ៗ ដល់លោកស្រីចៅសង្កាត់ព្រែកថ្មី ដែលទើបចូលកាន់តំណែង  ឱ្យខិតខំអនុវត្តក្នុងគោលដៅបំរើប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ។

     ចំណុចទី១- ត្រូវខិតខំបំរើសេវ៉ាជូនប្រជាពលរដ្ឋ ទាំងសេវ៉ាសំណូមពរ  និងសេវ៉ាតម្រូវការចាំបាច់ និងត្រូវរួមគ្នាអនុវត្តបទបញ្ជារបស់សម្តេចអគ្គមហាសេនាបីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបានម៉ឺងម៉ាត់បំផុតក្នុងការលប់បំបាតល្បែងស៉ីសងគ្រប់ប្រភេទ ដូចជាល្បែងជល់មាន់  បៀ  អាប៉ោង កន្ទុយលេខ  ឡូតូ  និងល្បែងតាមអនឡាញជាដើម ។ ត្រូវខិតខំផ្សព្វផ្សាយអោយបានទូលំទូលាយក្នុងការផ្តលសេវ៉ាមូលដ្ឋានជូនប្រជាពលរដ្ឋ ដូចជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និង ហួសកាលបរិច្ឆេទ រួមទាំងផ្តល់សេវ៉ាលើឯកសារអត្រានុកូលដ្ឋាន ។

  ទី២ -រួមទប់ស្កាត់ការសាងសង់សំណង់ផ្សេងៗដែលរំលោភយកដីចំណីទន្លេ បឹង ព្រែក  ប្រឡាយ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈអោយបានប្រសើរឡើងថែមទៀត  ការប្រកបមុខរបររកស៉ីទទួលទានប្រចាំថ្ងៃមិនហានឃាត់ទេ  តែសូមអោយបងប្អូនកុំដាក់តាំងលក់របស់របរផ្សេងៗ ដីចំណីផ្លូវសាធារណៈ

 ទី៣  – ត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយពីគុណតម្លៃដ៍មហាសាលដល់មហាជនទូទៅគឺ អត្ថន័យ នៃសន្តិភាព  ដែលយើងមានសព្វថ្ងៃនេះ ដោយសារប្រទេសជាតិយើងមានសន្តិភាពទើបមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យយើងត្រូវរួបរួមគ្នាថែរក្សាការពារ សន្តិភាព ។ 

 ទី៤- ត្រូវរួមគ្នារក្សាប្រព័ន្ធប្រឡាយ និងស្តាប្រឡាយដើម្បីស្តុកទឹកទុកសម្រាប់ស្រោចដំណាំបងប្អូនប្រជាពលរដ្ឋ 

   នៅចុងបញ្ចប់នៃកម្មវិធីលោកអភិបាលខណ្ឌ ស្នើសុំអោយបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរក្នុងការផ្តល់ពត៍មានសកម្មភាពក្មេងទំនើង  ទីកន្លែងលួចសេព និងប្រើប្រាស់គ្រឿងញៀន និងសកម្មភាពល្មើសផ្សេងទៀត  យើងត្រូវរួមគ្នាអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព  អោយមានប្រសិទ្ធិភាព ។ ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន  ហើយមនុស្សគ្រប់គ្នា  គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ  រស់នៅក្នុងភាពសុដមរម្យនា 

ដោយ៖ សណ្តោស


ចែករំលែក៖