ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអនុញ្ញាតជូនលោក Takahashi Fumiaki ប្រធានសហគមជប៉ុន-កម្ពុជា (JCA) ដឹកនាំគណៈប្រតិភូវិនិយោគគិនជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ជាកិច្ចចាប់ផ្ដើមសម្ដេចក្រឡាហោម សូមថ្លែងអំណរគុណ និងសូមស្វាគមន៍ លោក Takahashi Fumiaki មកកាន់កម្ពុជាជាថ្មីម្ដងទៀត ដែលសម្ដេច ធ្លាប់បានជួបជាមួយ លោក និងប្រតិភូវិនិយោគិនជប៉ុន ក្នុងរយៈពេលកន្លងមកផងដែរ។
សម្តេចក្រឡាហោម ស ខេង ក៏សូមយកឱកាសនេះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំណរគុណ និងកោតសរសើរលោកTakahashi Fumiaki ដែលជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ហើយបច្ចុប្បន្ន គឺជាប្រធានសមាគមមិត្តភាពកម្ពុជា-ជប៉ុន ដែលសមាគមនេះ តែងតែយកចិត្តទុកដាក់ចូលរួមគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្របត្តិការរវាងប្រទេសទាំងពីរផងដែរ។
នៅក្នុងឱកាសនេះសម្តេច នាយករដ្ឋមន្ត្រីស្តីទី ក៏ជម្រាបជូនគណៈប្រតិភូ ដោយសង្ខេបអំពីការវិវត្តទូទៅនៃសង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺសម្តេច បានលើកឡើងថានៅក្នុង ឆ្នាំ២០២២កន្លងទៅ កម្ពុជា ក៏ដូចជាសកលលោកទាំងមូលដែរ គឺបានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដែលជាឥទ្ធិពលរបស់សកលលោកផង បញ្ហាជំងឺកូវីដ-19ផង ហើយនៅក្នុងនោះដែរសម្តេច ក៏បានលើកឡើងអំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំធ្វើជាប្រធានប្តូរវេនអាស៊ានប្រកបដោយជោគជ័យ ដែលនេះ គឺជាមោទនភាពមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ សម្តេចក្រឡាហោម ក៏សូមថ្លែងអំណរគុណចំពោះវត្តមានចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ ដូចជាលោកនាយករដ្ឋមន្ត្រីជប៉ុន ក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០២២កន្លងទៅ។
សម្តេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនលោក Takahashi Fumiaki និងប្រតិភូ ដោយសង្ខេបអំពីដំណើរការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចសង្គម នៅកម្ពុជា ដែលមកដល់ពេលនេះតាមការព្យាករ គឺសេដ្ឋកិច្ចកម្ពុជា បានមានកំណើនឡើងវិញ បន្ទាប់ពីមានការថមថយដោយសារតែវិបត្តិនៃជំងឺកូវីដ-19 ក្នុងឆ្នាំ២០២៣នេះ ក៏ត្រូវបានព្យាករ ក៏ដូចជារំពឹងទុកថានឹងបន្តមានកំណើនឡើងវិញថែមទៀតផងដែរ។ ជាមួយនោះគឺ GDP សម្រាប់ប្រជាពលរដ្ឋនីមួយៗ ក៏ត្រូវបានរំពឹងថាមានកំណើនកើនឡើងផងដែរ។
សម្រាប់ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ក៏បានជម្រាបជូនប្រតិភូផងដែរថា រាជរដ្ឋាភិបាលកម្ពុជា មានភារកិច្ចសំខាន់ៗពីរ៖ ទីមួយ គឺការរៀបចំធ្វើជាម្ចាស់ផ្ទះនូវកីឡាស៊ីហ្គេម នៅព្រះរាជាណាចក្រកម្ពុជា ហើយកិច្ចការសំខាន់មួយទៀតនោះ គឺការរៀបចំការបោះឆ្នោតជាតិ នៅក្នុងឆ្នាំ២០២៣នេះ។
សម្តេចនាយករដ្ឋមន្ត្រីស្តីទី ក៏បានជម្រាបជូនប្រតិភូ ដែរថាកិច្ចការសំខាន់ពាក់ព័ន្ធទៅនឹងក្រសួងមហាផ្ទៃ គឺបន្តខិតខំធ្វើយ៉ាងណាថែរក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរ ហើយកិច្ចការនេះ ក៏រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងខិតខំប្ដេជ្ញាធ្វើយ៉ាងណាឲ្យដំណើរការនៃព្រឹត្តិការណ៍សំខាន់ៗទាំងនេះប្រព្រឹត្តទៅដោយជោគជ័យ ។ ជាពិសេសទៀតនោះគឺពាក់ព័ន្ធទៅនឹងការបោះឆ្នោត គឺខិតខំធ្វើយ៉ាងណាធានាបាននូវបរិយាកាសសន្តិសុខល្អប្រសើរបម្រើដល់ការបោះឆ្នោតប្រកបដោយសេរីត្រឹមត្រូវ និងស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ជាការឆ្លើយតប លោក Takahashi Fumiaki ប្រធានសហគមជប៉ុន-កម្ពុជា (JCA) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម ដែលតែងយកចិត្តទុកដាក់ និងផ្តល់ឱកាសឲ្យលោកបានចូលជួប នឹងនាំមកនូវគណៈប្រតិភូ និងអ្នកវិនិយោគិនជប៉ុន ចូលជួបសម្តេច រាល់ពេលដែល ឯកឧត្តម បំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីទទួលបាននូវព័ត៌មាន ក៏ដូចជាស្វែងយល់អំពីឱកាស ក៏ដូចជាសក្ដានុពល នៃការវិនិយោគទៅលើវិស័យផ្សេងៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយដូចសព្វមួយដងដែរដំណើរទស្សនកិច្ចរបស់លោក Takahashi Fumiaki និងប្រតិភូវិនិយោគិនជប៉ុន មកកម្ពុជា នាឱកាសនេះ ក៏មានបំណងស្វែងយល់បន្ថែមអំពី ដំណើរការវិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាស្វែងយល់នូវឱកាសវិនិយោគ នៅកម្ពុជា ហើយលោក ក៏សូមអរគុណសម្តេច បានផ្តល់ជូននូវព័ត៌មានសង្ខេបអំពី ដំណើរការវិវឌ្ឍសេដ្ឋកិច្ចសង្គម របស់កម្ពុជា ក៏ដូចជាព្រឹត្តិការណ៍សំខាន់ៗដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ដូចដែលសម្ដេចបានជម្រាបជូនពីខាងដើម។
នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចលើកនេះដែរ លោក Takahashi Fumiaki ក៏មានកិច្ចការមួយចំនួន ដែលសូមជម្រាបជូនសម្ដេច គឺទីមួយ នៅក្នុងឆ្នាំនេះ ជាឆ្នាំដែលជាខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ហើយវត្តមានរបស់លោក នៅកម្ពុជា ក៏កំពុងតែបន្តពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណារៀបចំនូវព្រឹត្តិការណ៍ផ្សេងៗ ដើម្បីអបអរនូវឱកាស នៃការប្រារព្ធខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ ហើយក្នុងនោះលោក Takahashi Fumiaki ក៏គ្រោង រៀបចំឲ្យមានព្រឹត្តិការណ៍មួយ គឺការបន្តដឹកនាំគណៈប្រតិភូវិនិយោគិនជប៉ុនមួយក្រុមទៀត មកពីទស្សនកិច្ចប្រទេសកម្ពុជា នៅក្នុង ប៉ុន្មានខែខាងមុខនេះ នៅក្នុងឆ្នាំ២០២៣។
ដោយឡែកនៅក្នុងឱកាស នៃជំនួបជាមួយសម្ដេចក្រឡាហោម នាពេលនេះ លោក Takahashi Fumiaki ក៏បាននាំមកនៅក្នុងសមាសភាពនៃគណៈប្រតិភូរបស់លោកគឺ មានវិនិយោគិន ដែលកំពុងតែធ្វើប្រតិបត្តិការវិនិយោគនៅកម្ពុជា ហើយនិងវិនិយោគិនជប៉ុន ដែលកំពុងតែស្វែងរកឱកាសដូចជាសក្ដានុពល ដើម្បីធ្វើការវិនិយោគនៅកម្ពុជា ហើយនៅក្នុងឱកាសនេះដែរ លោក Takahashi Fumiaki ក៏បាន ផ្តល់ឱកាសដល់វិនិយោគិននីមួយៗ ធ្វើការសម្ដែងនូវចំណាប់អារម្មណ៍របស់ខ្លួនពាក់ព័ន្ធទៅនឹងបរិយាកាសវិនិយោគ នៅកម្ពុជា ក៏ដូចជា គោលបំណងទៅថ្ងៃអនាគត ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលើកឡើងនូវសំណូមពរផ្សេងៗ ជូនសម្ដេចក្រឡាហោម នៅក្នុងដំណើរការនៃការជំរុញ ក៏ដូចជាពង្រឹងពង្រីក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាពិសេសគឺការទាក់ទាញ ដល់សហគ្រាសធុនតូច និងមធ្យមរបស់ជប៉ុន ដើម្បីមកធ្វើការវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើនឡើង។
ជាការឆ្លើយតប ហើយបន្ទាប់ពីបានស្ដាប់នូវការលើកឡើងនូវយោបល់ ក៏ដូចជាព័ត៌មានមួយចំនួនពី សំណាក់វិនិយោគិនជប៉ុន នៅក្នុងសមាជិកប្រតិភូ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី សម្ដែងនូវសេចក្ដីសោមនស្សរីករាយ សូមគាំទ្រចំពោះគោលបំណងនៃការវិនិយោគ ក៏ដូចជាការវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានស្រាប់ហើយមកនេះ។ សម្ដេច ចាត់ទុកថា ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា គឺពិតជាមានការចូលរួមចំណែកគាំទ្រពីសំណាក់ភាគីជប៉ុន ទាំងរដ្ឋាភិបាលប្រជាជនជប៉ុន ក៏ដូចជាវិស័យឯកជនរបស់ជប៉ុនផងដែរ។ ហើយសម្ដេច សង្ឃឹមយ៉ាងមុតមាំថាសមាគមមិត្តភាពកម្ពុជា-ជប៉ុន ដែលហៅកាត់ថា (JCA) នេះ នឹងបន្តធ្វើសកម្មភាពយ៉ាងសកម្មថែមទៀត ក្នុងការជំរុញ ការវិនិយោគ កាន់តែច្រើនឡើងពីប្រទេសជប៉ុន ក៏ដូចជាវិនិយោគិនជប៉ុន មកកាន់ព្រះរាជាណាចក្រកម្ពុជា ទៅលើវិស័យនានាដែលជាសក្ដានុពល ក៏ដូចជាជំរុញនិងលើកកម្ពស់ ទេសចរកាន់តែច្រើនឡើងថែមទៀតនាំមកកម្ពុជា នាពេលខាងមុខ។
ជាទីបញ្ចប់ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា សូមជូនពរលោក Takahashi Fumiaki ប្រធានសហគមជប៉ុន-កម្ពុជា (JCA) និងប្រតិភូ សូមស្នាក់នៅប្រកបដោយផាសុខភាព និងទទួលបាននូវជោគជ័យនៅក្នុងដំណើរបំពេញបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា ៕
ដោយ៖ស តារា