ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹករបងដែកលួស បើកលឿនបួងចង្កូតមិនប្រយ័ត្នក្រឡាប់ផ្ញារជើង តែមិនគ្រោះថ្នាក់ដល់ជីវិតមនុស្ស

ចែករំលែក៖

​ភ្នំពេញ ៖ រថយន្ត១គ្រឿងដឹករបងដែកលួសបើកបរក្នុងល្បឿនលឿន ខណៈ​ដល់ចំណុច​ផ្លូវប្រសព្វភ្លើងស្តុបមិនបង្អង់ល្បឿនហើយបួង​ចង្កូតរថយន្ត​ជ្រុល​រេក្រឡាប់​ផ្ញារជើង​ច្រង៉ាង ​បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​ កាល​ពី​វេលា​ម៉ោង១៣ និង៤០នាទីរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅ​តាម​បណ្តោយ​ផ្លូវជាតិលេខ១ ចំណុច​ស្តុបវត្តនិរោធ ​ក្នុង​សង្កាត់និរោធ ​ខណ្ឌច្បារអំពៅ ។

រថយន្តដែលបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះជារថយន្តកូរ៉េដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-7947 បើកបរ​ដោយ​បុរសម្នាក់ ​រួម​ដំណើរ​ដោយព្រូល២នាក់ផ្សេងទៀត ។

ប្រភពព័ត៌មានកន្លែងកើតហេតុឲ្យដឹងថា ដំបូងឡើយគេសង្គេត​ឃើញ​រថយន្ត​បង្ក​បើកបរ​ធ្វើ​ដំណើរ​ចេញពីផ្លូវបេតុងដែលនៅជាប់នឹងរបងវត្តនិរោធ សំដៅឡើង​ទៅលើ​ផ្លូវ​ជាតិ​លេខ១​ ពោលក្នុងទិស​ដៅពីជើង​ទៅទិស​ខាងកើតវិញ ដោយបត់ទៅខាងឆ្វេងដៃ បំណង​សំដៅ​ឡើង​ទៅ​ស្ពានព្រះមុន្នីវង្ស ។ កំឡុងពេលនោះ ដោយ​រថយន្តបើកលឿន ហើយបានបួង​ចង្កូតទាំង​ប្រញ៉ាប់​មិន​បាន​ប្រយ័ត្ន បណ្តាលឱ្យរេចង្កូតរថយន្ត ហើយដួលបោក​ទៅនឹងផ្លូវក្រឡាប់​ផ្ញារជើង​ទាំងកំរោលតែម្តងទៅ ។

ភ្លាមៗនោះ តៃកុងរថយន្តបង្ក បានបើកទ្វាររថយន្តចេញ ទៅហើយ ហើយរត់គេចបាត់ស្រមោលសូន្យ នៅសល់​តែព្រូល​រថយន្ត២នាក់ប៉ុណ្ណោះ ត្រូវសមត្ថកិច្ចឃាត់សួរនាំ ដើម្បីទំនាក់ទំនង​ទៅខាង​ក្រុមហ៊ុន ឱ្យចូលដោះ ស្រាយ ស្ទូចរថយន្តរបស់ខ្លួនចេញវិញ ។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មិនមានប៉ះពាល់អ្វីដល់ទ្រព្យសម្បត្តិសាធារណៈឡើយ ហើយ​ក៏មិនបាន​បណ្តាល​ឱ្យមនុស្សណាម្នាក់រងរបួសឡើយ ព្រោះកំឡុងពេលក្រឡាប់ គឺមិន​មាន​ពលរដ្ឋ​អ្នកដំណើរដទៃ ធ្វើដំណើរ​ស្របគ្នាជា​មួយនោះទេ។ ប៉ុន្តែប្រសិនបើមានអ្នក​ធ្វើ​ដំណើរ​ស្របវិញ ក៏អាចនឹងបង្កឱ្យមានគ្រោះថ្នាក់ផងដែរ ព្រោះរថយន្តដឹកស្តុកពេញ​ទៅដោយរបង​ដែកដែល​មុតស្រួច ៕

ដោយ៖ សូរិយា


ចែករំលែក៖