ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី៣ បានចុះធ្វើរដ្ឋបាលនៅផ្ទះជួលមួយកន្លែងដើម្បីស្រាវជ្រាវរកមុខសញ្ញាដែលប្រព្រឹត្តបទល្មើសផ្សេងៗ ក្នុងនោះមានដូចជាក្រុមលួច ឆក់ ប្លន់ និងប្រើប្រាស់ជួញដូរគ្រឿងញៀនជាដើម ហើយជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ២នាក់ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនផងដែរ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួននោះបានលាក់ខ្លួននៅក្នុងបន្ទប់ជួលខាងលើ ហើយពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ សមត្ថកិច្ចបានធ្វើការឆែកឆេរនៅក្នុងបន្ទប់នោះរកឃើញ ឧបករណ៍សម្រាប់កាច់សោ.កម៉ូតូ១កំប្លេរ ។ឧបករណ៍សម្រាប់កឹបស្លាកលេខម៉ូតូ១ ស្លាកលេខម៉ូតូ១បន្ទះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1JW-6862 ។ប៉ុន្តែពេលស្គែនឃ្យូអ័រកូដមើលស្លាកលេខនេះពុំមែនជាស្លាកលេខម៉ូតូហុងដាឌ្រីមនេះទេ គឺជាស្លាកលេខម៉ូតូម៉ាកស៊ុយហ៊្សុយគីនិចទៅវិញ។
សមត្ថកិច្ចខាងលើបានប្រាប់ឲ្យដឹងថា ដោយសារតែកន្លងមកកើតមានអំពើចោរកម្ម លួច ឆក់ ប្លន់ ជាបន្តបន្ទាប់នោះ ទើបពេលនេះកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យបានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី៣ ចុះធ្វើរដ្ឋបាលនៅផ្ទះជួលខាងលើ។ដើម្បីស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស ម្យ៉ាងមានការសង្ស័យថាក្រុមជនល្មើសកំពុងលាក់ខ្លួននៅក្នុងផ្ទះជួលខាងលើ។
សមត្ថកិច្ចដដែលបានប្រាប់ទៀតថា ក្រោយពេលធ្វើការត្រួតពិនិត្យគ្រប់បន្ទប់នៃផ្ទះជួលខាងលើនោះ កម្លាំងបានរកឃើញជនសង្ស័យដែលជាមុខសញ្ញាកាច់សោ.កម៉ូតូ២នាក់កំពុងលាក់ខ្លួននៅក្នុងបន្ទប់គ្មានលេខមួយ។ ស្ថិតនៅលើជាន់ទី៣ផ្ទះជួលនោះ រួចក៏បានឃាត់ខ្លួនសួរនាំ ព្រមទាំងរកឃើញវត្ថុតាងដូចបានរៀបរាប់ខាងលើនោះផងដែរ។បន្ទាប់មកបាននាំទៅធ្វើការសាកសួរបន្តនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕
ដោយ៖សុខាសែនជ័យ