ភ្នំពេញ ៖ គេសង្កេតឃេីញថាករណីប្លន់រថយន្តត្រូវបានស្ងប់ស្ងាត់មួយរយៈទៅហើយ ខណៈនៅពេលនេះស្រាប់តែមានករណីប្លន់ទៅលើបុរសម្នាក់ដែលជាអ្នករត់តាក់ស៊ីតែសំណាងល្អប្លន់មិនបានសម្រេចគ្រាន់តែម្ចាស់រថយន្តរងរបួសបន្តិចបន្តួចប៉ុណ្ណោះ ដោយបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃសៅរិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវទួលពង្រ ហួសស្តុបថ្មីប្រមាណ២០០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះជាម្ចាស់រថយន្តបានរងរបួសផ្នែកខាងមុខដោយបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចោមចៅទី១ ដេីម្បីនគរបាលជួយរកស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យមានគ្នាបីនាក់បានហៅរថយន្តព្រូស ពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខភ្នំពេញ2BA-0575 ជិះពីក្រុងតាខ្មៅខេត្តកណ្ដាល គោលបំណងមកផ្សារទួលពង្រខណៈមកដល់ចំណុចកើតខាងលើ ជនសង្ស័យបានឱ្យជនរងគ្រោះរថយន្តឈប់ធ្វើជាឈឺនោម ស្រាប់តែជនសង្ស័យទាំងនោះធ្វើសកម្មភាពយកខ្សែហ្រ្វាំងកង់មករឹតក តែសំណាងល្អរឹតចំមាត់ទេីបមានការប្រតាយប្រតប់គ្នាធ្វើឱ្យរថយន្តរេចង្កូតបុកខឿនចិញ្ចើមផ្លូវពេញទំហឹងបាក់ខឿនចិញ្ចើមផ្លូវជាច្រើនផ្ទាំងធ្វេីឱ្យរថយន្តខូចខាតផ្នែកខាងមុខទៅលែងរួច ។
ក្រោយកេីតហេតុភ្លាមៗ ជនសង្ស័យខាងលេីបានរត់គេចខ្លូនបាត់ស្រមោល។ ចំណែកម្ចាស់រថយន្តរងគ្រោះ ត្រូវបានសមត្ថកិច្ចជូនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចោមចៅទី១ ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវតាមកាមេរ៉ាសុវត្តិភាព រួចឈានដល់ចាប់ខ្លួនជនសង្ស័យទាំងនោះយកមកផ្ដន្ទាទោសតាមច្បាប់ឱ្យខានតែបាន៕
ដោយ ៖ ភារ៉ា ដង្កោ