ខេត្តប៉ៃលិន៖ បើតាមប្រភពពីមន្ត្រីនគរបាលមូលដ្ឋានឃុំសាលាក្រៅបានឱ្យដឹងថា នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តនិងម៉ូតូបើកបរបញ្ច្រាសទិសគ្នាមិនគោរពច្បាប់ចរាចរណ៍បណ្ដាលឱ្យបុកគ្នាស្លាប់បុរសម្នាក់ជាអ្នកបើកបរម៉ូតូនៅនឹងកន្លែងកើតហេតុ នៅចំណុចផ្លូវកោងខ្លាំងស្ថិតក្នុងភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ករណីនេះនៅមុនកើតហេតុគេបានឃើញរថយន្តនិងម៉ូតូបើកបរបញ្ច្រាសទិសគ្នា ដោយរថយន្តបើកបរក្នុងទិសដៅពីកើតទៅលិច ស្រាប់តែម៉ូតូឌ្រីមដែលបើកពីលិចទៅកើតបុកគ្នា ស្លាប់បុរសម្នាក់ជាអ្នកបើកម៉ូតូ រីឯម៉ូតូខូចកម្រិតធ្ងន់។ ចំណែកអ្នកបើករថយន្តបានបើករថយន្តគេចបាត់ទៅ។
មន្ត្រីសមត្តកិច្ចនគរបាលមូលដ្ឋានបន្តថា ជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះ ខាត់ នីម ភេទប្រុស អាយុ២៦ឆ្នាំ(មុខរបរកសិករ) រស់នៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ស្លាប់នៅនឹងកន្លែងកើតហេតុ ដោយមិនពាក់មួកសុវត្ថិភាព , បើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BK-៩៨០០ ។
សមតុ្តកិច្ចបានបន្តទៀតថា អ្នកបើកបររថយន្តនោះមិនស្គាល់អត្តសញ្ញាណ(បានបើករថយន្តរត់គេចខ្លួនបាត់) តាមការបង្ហាញពីប្រជាពលរដ្ឋនៅជិតនោះបានប្រាប់ថាជាប្រភេទឡានកូរ៉េ ពណ៌ស ពាក់ពាក់ស្លាកលេខ ភ្នំពេញ ៣A. ៣៥២៦ បើកបរពីកើតទៅលិច។
ក្រោយពីសមត្តកិច្ចនគរបាលជំនាញបានវាស់វែងរួច សពត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្នកម្លាំងជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ កំពុងស្រាវជ្រាវរកមុខសញ្ញារថយន្តបង្ក៕
ដោយ៖ស សារ៉េត