ភ្នំពេញ ៖ យុវជនពីរនាក់បានជិះម៉ូតូឌុបគ្នាចេញពីកម្មវិធីខួបកំណេីតមិត្តភក្តិក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ តែអកុសលជិះម៉ូតូបានពាក់កណ្ដាលផ្លូវត្រូវរថយន្តដឹកដីបើកកៀរឱ្យដួលរួចកិនពីលើបណ្ដាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នៅត្រង់ចំណុចអតីតភ្លើងស្តុប ណូគាតាមបណ្ដោយផ្លូវលេខ២៧១ កែងនឹងផ្លូវលេខ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ សេត សាលី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកដឹកជញ្ជូនតាមអនឡាញ ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មានទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាអ្នកឌុប។ ចំណែកឯជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ វីន អាយុប្រហាក់ប្រហែលគ្នា ត្រូវជាមិត្តភក្តិជនរងគ្រោះដែលមានមុខរបរជាអ្នកដឹកនំខេក តាមអនឡាញ (ជាអ្នកជិះពីក្រោយ) ។ អ្នកទាំងពីរជិះម៉ូតូម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JW.1246 ។ ចំណែកឯរថយន្តដឹកដី ម៉ាកDONGFENG ពណ៌ស ពាក់ស្លាកលេខ ពណ៌លឿងAT22 .3.1846 របស់ក្រុមហ៊ុនទ្រី ស៊ូ មុី ដឹកជញ្ជូន ដោយអ្នកបើកបរបានចុះគេចខ្លួនបាត់ស្រមោលទៅ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញរថយន្តដឹកដីខាងលេីបើកបរតាមបណ្ដោយផ្លូវលេខ ២០០៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បត់ស្ដាំដៃទៅកៀរម៉ូតូរបស់ជនរងគ្រោះបណ្ដាលឱ្យដួលរួចកិនចំយុវជនម្នាក់បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ចំណែកយុវជនម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។ រីឯអ្នកបើករថយន្តបង្កហេតុបានបើកទ្វារចុះរត់ឡើងទៅលើរថយន្តដឹកដីមួយគ្រឿងទៀតរបស់បក្ខពួកគេចខ្លួនបាត់ស្រមោលទៅ។
បេីតាមសម្ដីមិត្តភក្តិរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា ពួកគាត់នឹងជនរងគ្រោះបានបែកគ្នាចេញពីកម្មវិធី ខួបកំណើតមិត្តភក្តិនៅផ្លូវលេខ២០០៤ដេីម្បីទៅផ្ទះរៀងៗខ្លួន តែអកុសលបែរជាមកជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់បែបនេះទៅវិញ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ខណ្ឌចុះមកធ្វេីការវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមច្បាប់ ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ