ខេត្តកំពត៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងក្រោយជិះម៉ូតូបុកត្រាក់ទ័រដឹកដើមឫស្សីបណ្តាលឱ្យជុងមុតហូរឈាមស្រោចពេញខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិវត្តពោធិ៍ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។
មន្ត្រីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា យុវជនដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើមានឈ្មោះ ស្វាយ មៀន អាយុ ២៤ឆ្នាំ មានទីលំនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។
ប្រភពដដែលបានរៀបរាប់ថា កាលពីវេលាម៉ោង ៧យប់ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើដងផ្លូវជាតិលេខ៣ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤០-១៤១ រវាងម៉ូតូ និងត្រាក់ទ័រដឹកដើមឫស្សី។ មុនគ្រោះថ្នាក់កើតឡើង គេឃើញត្រាក់ទ័រមួយគ្រឿងបើកមកពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ដោយមានសណ្តោងរ៉ឺម៉កដឹកដើមឫស្សីផង។ ស្របពេលនោះ ស្រាប់តែមានម៉ូតូមួយគ្រឿងធ្វើដំណើរដោយយុវជនម្នាក់បើកមកពីក្រោយបានបុកប៉ះចំដើមឫស្សីបណ្តាលឲ្យជុងមុត រួចដួលហូរឈាមស្លាប់តែម្តង។ សមត្ថកិច្ចបានបន្តថា ភ្លាមៗ អ្នកបើកត្រាក់ទ័របានរត់គេចបាត់ដោយបន្សល់ទុកត្រាក់ទ័រ និងសពជនរងគ្រោះនៅនឹងកន្លែងកើតហេតុ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ខណ:កម្លាំងនគរបាល កងរាជអាវុធហត្ថ និងប្រជាការពារកំពុងសម្រួលចរាចរស្រាប់តែមានយុវជនម្នាក់បើកម៉ូតូមកពីទិសខាងលិចយ៉ាងលឿន រហូតបុកត្រាក់ទ័របណ្តាលឲ្យដួលរងរបួសយ៉ាងធ្ងន់ធ្ងរ។ ភ្លាមៗ អ្នកជិតខាង និងសមត្ថកិច្ចបានទំនាក់ទំនងហៅរថយន្តដឹកទៅកាន់មន្ទីរពេទ្យជាបន្ទាន់៕
ដោយ៖ សូរិយា