ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ អ្នកស្លាប់និងរបួសដោយការរញ្ជួយដីនៅទួរគី និងស៊ីរី កើនឡើងដល់ជាង១សែននាក់

ចែករំលែក៖

ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីមានទ្រង់ទ្រាយធំបាន បំផ្លាញនៅក្នុងប្រទេសទួរគី និងស៊ីរីកាលពីដើមសប្តាហ៍នេះ ឥឡូវនេះមានអ្នកស្លាប់បានកើនឡើងដល់ ២៣.៧២៦នាក់ ហើយមនុស្សជាង៨៥.០០០ នាក់បានរងរបួស។
យោងតាមកាសែត The Guardianបានឱ្យដឹងថាសីតុណ្ហភាពនៅតែត្រជាក់នៅទូទាំងតំបន់ដ៏ធំមួយ ហើយមនុស្សជាច្រើនគ្មានទីជម្រក។ រដ្ឋាភិបាលទួរគីបានចែកចាយអាហារក្តៅៗ រួមទាំងតង់ និងភួយ ប៉ុន្តែនៅតំបន់ជាច្រើនប្រឈមផលលំបាកជាច្រើនក្នុងការបញ្ជូនជំនួយ។
កាលពីថ្ងៃទី១០ ខែកុម្ភៈ តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) – លោក Sivanka Dhanapala បាននិយាយថា មនុស្សជាង៥លាននាក់នៅក្នុងប្រទេសស៊ីរីអាចនឹងបាត់បង់ផ្ទះសម្បែងរបស់ពួកគេបន្ទាប់ពីការរញ្ជួយដី។ លោកបាននិយាយថា “សម្រាប់ប្រទេសស៊ីរី នេះគឺជាវិបត្តិនៅក្នុងវិបត្តិ។ ពួកយើងកំពុងឆ្លងកាត់វិបត្តិសេដ្ឋកិច្ច ជំងឺរាតត្បាត COVID-19 ហើយឥឡូវនេះយើងកំពុងស្ថិតក្នុងពាក់កណ្តាលរដូវរងា នៅពេលដែលព្យុះព្រិលកំពុងបោកបក់ពាសពេញតំបន់។
អាជ្ញាធរនៅក្នុងប្រទេសទួរគី កាលពីយប់ថ្ងៃសុក្រសប្ដាហ៍នេះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់បានកើនដល់ ២០,២១៣នាក់ ខណៈដែលនៅស៊ីរី ចំនួនអ្នកស្លាប់ក៏ត្រូវបានគេរាយការណ៍ដែរថាបានកើនដល់ ៣,៥០០នាក់ ហើយបូកបញ្ចូលតួលេខទាំងនេះចូលគ្នាធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២៣,៧១៣នាក់។ ក្រៅពីមនុស្សស្លាប់យ៉ាងរង្គាលបែបនេះ អគាររាប់ពាន់ខ្នងបានដួលរំលំខ្ទេចខ្ទី នៅក្នុងប្រទេសទាំងពីរ ហើយមនុស្សរាប់ម៉ឺននាក់នៅក្នុងប្រទេសទាំង២បានរងរបួសដោយសារគ្រោះរញ្ជួយដីនេះ។ រីឯក្រុមអ្នកជួយសង្រ្គោះក្នុងប្រទេសទាំង២នៅតែបន្តប្រតិបត្តិការរបស់ពួកគេ នៅឡើយ។
យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS ចំណុចរំញ័ររបស់គ្រោះរញ្ជួយដីខាងលើស្ថិតនៅក្បែរទីក្រុងមួយឈ្មោះ ហ្កាហ្សៀនតិប (Gaziantep) របស់ទួរគីស្ថិតនៅក្បែរព្រំដែន ស៊ីរី ដែលមានមនុស្សរស់នៅប្រហែល២លាននាក់ ហើយវាមានជម្រៅប្រហែល១៨គីឡូម៉ែត្រក្រោមផ្ទៃដី។ ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោងខ្ទង់ជាង ៤ទៀបភ្លឺថ្ងៃចន្ទ ហើយប៉ុន្មានម៉ោងក្រោយមក ក៏មានការរញ្ជួយដីធំមួយទៀតកម្រិត ៧.៦រ៉ិចទ័រកើតឡើងផងដែរ រួមជាមួយការញ័ររញ្ជួយកម្រិតតូចៗបន្តបន្ទាប់ទៀតជាច្រើន។

លើកចុងក្រោយបំផុត ដែលគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារចំម្តុំតំបន់នេះ គឺកាលពីឆ្នាំ១៩៣៩ ដែលបានសម្លាប់មនុស្សរហូតដល់ ៣៣,០០០នាក់ នៅក្នុងប្រទេសទួរគី៕ ដោយ៖ធីរីណា

រូបថត៖ Reuters 


ចែករំលែក៖