ទីក្រុងបេកាំង៖ នៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន។
ក្នុងពិធីបើកវេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិននេះ ដែលរៀបចំឡើងដោយ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអន្តរជាតិចិន និងសហការរៀបចំដោយ ក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន។
សូមជម្រាបដែរថា កាលពីថ្ងៃទី១០ ខែកុម្ភៈម្សិលមិញនេះ ភាគីទាំងពីរកម្ពុជា-ចិន ឯកភាពបន្តប្រកាន់ខ្ជាប់ ពហុភាគីនិយម និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។ ចិនអបអរសាទរភាពជោគជ័យរបស់កម្ពុជា ក្នុងភាពជាប្រធានអាស៊ានឆ្នាំ២០២២ និងបន្តជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ បញ្ហាសមុទ្រចិនខាងត្បូង ១-អំពាវនាវដល់ភាគីពាក់ព័ន្ធអនុវត្តឲ្យបានពេញលេញ និងប្រសិទ្ធភាព នូវសេចក្តីប្រកាសស្តីពីការប្រតិបត្តិ របស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលម្ហសមុទ្រ និង២-ពន្លឿនការសម្រេចនូវ ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ប្រកបដោយខ្លឹមសារ និងប្រសិទ្ធភាព៕
ដោយ៖ស តារា