ការធ្លាក់ព្រិលយ៉ាងខ្លាំងនៅទូទាំងប្រទេសជប៉ុនកាលពីថ្ងៃទី១០ខែកុម្ភៈបានបណ្តាលឱ្យជើងហោះហើរចំនួន ១០០ជើងត្រូវបានផ្អាក ផ្លូវជាច្រើនត្រូវបានបិទ និងសេវាកម្មរថភ្លើងត្រូវបានរំខាន។
យោងតាមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននិងទេសចរណ៍របស់ប្រទេសជប៉ុនបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករួមមាន ANA, Japan Airlines និងក្រុមហ៊ុនផ្សេងទៀតបានលុបចោលជើងហោះហើរសរុបចំនួន១០០ជើងដោយសារការធ្លាក់ព្រិលខ្លាំង។
ក្រសួងខាងលើបានប្រកាសថា ផ្នែកនៃផ្លូវល្បឿនលឿនចំនួន៣១ នៅកណ្តាល និងភាគខាងកើតប្រទេសជប៉ុនត្រូវបានបិទ ហើយច្រកចេញចំនួន៥៤ នៃផ្លូវល្បឿនលឿនកណ្តាលទីក្រុងតូក្យូក៏ត្រូវបានបិទផងដែរ។ លើសពីនេះ សេវានៅលើផ្លូវរថភ្លើងជាងដប់ខ្សែនៅភាគកណ្តាល និងភាគខាងកើតប្រទេសជប៉ុនក៏ត្រៀមផ្អាកផងដែរ។
ក្រុមហ៊ុន East Japan Railway ដែលជាប្រតិបត្តិកររថភ្លើងធំជាងគេរបស់ប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងផ្អាកសេវាកម្មរថភ្លើងគ្រាប់កាំភ្លើងរវាងទីក្រុងតូក្យូ និងខេត្ត Yamagata ភាគឦសាន។ ក្រុមហ៊ុនសេវាកម្មដឹកជញ្ជូនធំៗ រួមទាំងក្រុមហ៊ុន Yamato Transport និង Sagawa Express បាននិយាយថា សេវាកម្មដឹកជញ្ជូនរបស់ពួកគេអាចត្រូវបានពន្យារពេលរហូតដល់ល្ងាចថ្ងៃទី១១ ខែកុម្ភៈ៕
ដោយ៖ ធីរីណា