ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ករណីលួចដំឡូងមី នៅស្រុកសំបូរ ខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ ៖ នៅថ្ងៃសៅរ៍ ៦រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនិងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៣ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសំបូរ បានទទួលបណ្តឹងពីឈ្មោះ នាង ម៉ន ភេទស្រីអាយុ៤១ឆ្នាំ រស់នៅភូមិអូរកណ្តៀរ ឃុំអូរកណ្តៀរសែនជ័យ ស្រុកសំបូរ ខេត្តក្រចេះ ករណីចោរលួចដំឡូងមី។

ជាមួយនោះសមត្ថកិច្ចក៏ទទួលបណ្តឹងពីឈ្មោះ ច័ន្ទ ង៉ែតភេទប្រុសអាយុ៣២ឆ្នាំមានទីលំនៅភូមិអូរកណ្តៀរឃុំអូរកណ្តៀរសែនជ័យ ស្រុកសំបូរ ខេត្តក្រចេះដែរថា យប់ថ្ងៃទី៨និងយប់ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២៣វេលាម៉ោងប្រហែល០០និង៣០នាទី ឈ្មោះ ហុីម គ្រីយ៉ា ភេទប្រុសអាយុ៤១ឆ្នាំជនជាតិខ្មែរអ៊ិស្លាមរស់នៅភូមិពង្រ ឃុំពង្រស្រុកឆ្លូង ខេត្តក្រចេះ បានធ្វើសកម្មភាពបើករថយន្តលួចកើបដំឡូងមីដែលម្ចាស់គេហាលនៅមុខផ្ទះនៅភូមិអូរកណ្តៀរ ឃុំអូរកណ្តៀរសែនជ័យ ស្រុកសំបូរ ខេត្តក្រចេះ។

ក្រោយពីទទួលបានបណ្តឹងខាងលើ សមត្ថកិច្ចជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍អូរកណ្តៀរសែនជ័យ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះហុីម គ្រីយ៉ាភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិពង្រ ឃុំពង្រ ស្រុកសំបូរ ខេត្ត ក្រចេះ(ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន) និង ចាប់យកសំភារៈ-វត្ថុតាងរថយន្ត១គ្រឿងម៉ាកឌលីវីរ៉ូផលិតឆ្នាំ១៩៩៩ព៌ណសស្លាកលេខភ្នំពេញ2AA9427ការ៉ុងសំរាប់ច្រកដំឡូងមួយចំនួនប្រាក់រៀល១.០០០.០០០៛(មួយលានរៀល) និងទូរស័ព្ទដៃម៉ាកOPPOចំនួន១គ្រឿង។ 

តាមចម្លើយសារភាពជនសង្ស័យហុីម គ្រីយ៉ា ថាខ្លួនពិត ជាបានប្រព្រឹត្តអំពើបើករថយន្តលួចកើបដំឡូងមែន ។ ជនសង្ស័យនេះត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖