ព័ត៌មានទាន់ហេតុការណ៍៖

តើជំងឺហឺត ព្យាបាលជាដែរឬទេ?

ចែករំលែក៖

ភ្នំពេញ ៖ ខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ថាតើជំងឺហឺត ព្យាបាលជាដែរឬទេ? 

ក) ហឺត ជាជំងឺរលាកទងសួតរ៉ាំរ៉ៃដែលបង្កឡើយដោយប្រតិកម្មទងសួតជាមួយនឹងអាឡែកហ្សែន បន្ទាប់មកធ្វើអោយមានការត្បៀតទងសួតជាហេតុដែលបណ្តាលអោយមានការលំបាកក្នុងការដកដង្ហើមចេញ។

ខ) អាឡែកហ្សែន ជាអ្វី?

អាឡែកហ្សែនជាសារធាតុទាំងឡាយណាដែលអាចបង្កអោយមានប្រតិកម្មអាឡែកហ្ស៊ី ។ 

អាឡែកហ្សែនផ្លូវដង្ហើមអាចមានដូចជា៖

   – រោមសត្វជាពិសេសសត្វឆ្មា

   – សត្វល្អិតតូចៗដែលនៅតាមផួយ មុង កន្ទេល

   – លំអងផ្កា 

   – ផ្សែងបារី ផ្សែងអូស ផ្សែងម៉ូតូឡាន ឬផ្សែងធូប

   – អាកាសធាតុត្រជាក់

   – ក្លិនឈួលខ្លាំង

   – សារធាតុគីមី ។ល។

គ) រោគសញ្ញាហឺតមានដូចម្តេចខ្លះ?

រោគសញ្ញាហឺតអាចមានដូចជា៖

   – ហត់

   – ដកដង្ហើមចេញពិបាក (អាចលឺសំឡេង ងឺតៗ ដូចសំឡេងឆ្មា)

   – ក្អក ជាពិសេសនៅពេលយប់ឬ ពេលអាកាសធាតុត្រជាក់

   – ណែនទ្រូង

   – ផ្តាសាយញឹកញាប់

ឃ) តើហឺតអាចព្យាបាលជាឬអត់?

រហូតមកដល់បច្ចប្បន្នថ្វីត្បិតតែពុំទាន់មានថ្នាំព្យាបាលជាដាច់ តែគេអាចគ្រប់គ្រងជំងឺហឺតបានប្រសើរ មានន័យថាអាចជំងឺអាចរស់នៅបានសុខសប្បាយដូចគេដូចឯងដោយពុំមានរោគសញ្ញារំខាន។ ករណីហឺតខ្លះអាចព្យាបាលជាដាច់បានទាល់តែហឺតនោះបង្កឡើយដោយអាឡែកហ្សែនជាក់លាក់ ឧទាហរណ៍ បើហឺតបង្កដោយអាឡែកហ្ស៊ីរោមឆ្មា នោះបើឈប់ប៉ះពាល់នឹងឆ្មានោះជំងឺហឺតនឹងជាដាច់។

ង) តើត្រូវព្យាបានដូចម្តេច?

ការព្យាបាលហឺតដោយប្រសិទ្ធភាពខ្ពស់ត្រូវ៖

– ជៀសវាងអោយបានពីអាឡែកហ្សែន ដែលបង្កអោយមានប្រតិកម្មទងសួត។

– ប្រើថ្នាំតាមវេជ្ជបញ្ជាដែលមានថ្នាំ២ក្រុមសំខានៗ ។ ទី១ ជាប្រភេទថ្នាំសង្គ្រោះបន្ទាន់ ដែលប្រើតែពេលមានរោគសញ្ញារំខានតែប៉ុណ្ណោះ (Reliever medications) ។ ទី២ ជាប្រភេទថ្នាំព្យាបាលការរលាកជាប្រចាំនៃទងសួត ឬ ជាថ្នាំការពារកុំអោយមានរោគសញ្ញារំខាន (controller medications)។

ដូច្នេះបើមានរោគសញ្ញាសង្ស័យសូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការព្យាបាលអោយបានត្រឹមត្រូវ និងទាន់ពេលវេលា៕

ដោយ ៖ សហការី


ចែករំលែក៖