ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃអាទិត្យទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា៖ មានករណីកែច្នៃផាវគ្រាប់បែកយកទៅបោកត្រី បណ្តាលឱ្យរបួសធ្ងន់បុរសម្នាក់ កាលពីថ្ងៃទី១១ ខែកុម្ភៈម្សិលមិញនេះ នៅចំណុច៣២ ក្នុងស្ទឹងចម្លងគួយ ស្ថិតក្នុងក្រុមទី៥ ភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។
ជនរងគ្រោះម្នាក់ឈ្មោះ ប្រេង ព្រិច ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង រងរបួសដាច់ប្រអប់ដៃខាងស្តាំ។
របាយការណ៍ដដែលបន្តថា ជាក់ស្ដែងតាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំឡូត បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ខាងលើនេះ ដោយសារកែច្នៃផាវគ្រាប់បែក យកទៅបោកត្រី ខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យរងរបួសធ្ងន់។
បច្ចុប្បន្ន ក្រុមគ្រួសារបានដឹកយកជនរងគ្រោះបញ្ជូនទៅមន្ទីពេទ្យខេត្តបាត់ដំបង ដើម្បីសម្រាកព្យាបាល៕
ដោយ៖ អរុណរះ