ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជួបពិភាក្សាជាមួយ លោក ប្រធានាធិបតី ស៊ី ជីនពីង និងធ្វើការផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅអំពីការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន និងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍រួម ដើម្បីកំណត់ទិសដៅ នៃ ទំនាក់ទំនងកម្ពុជា-ចិន នាពេលអនាគត។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារ ជាមួយ  លោកនាយករដ្ឋមន្ត្រី លី ខឺឈាង និងជួបជាមួយ លោក លី ជានស៊ូ ប្រធានគណៈ កម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះមិត្តភាព ដែកថែបមិនអាចបំបែកបានកម្ពុជា-ចិន ដែលត្រូវបានពួនជ្រុំយ៉ាងយកចិត្តទុកដាក់ ដោយថ្នាក់ដឹកនាំ ជំនាន់មុន នៃប្រទេសទាំងពីរ និងបន្តរីកចម្រើនកាន់តែខ្លាំងក្លា ក្នុងរយៈពេល ៦៥ ឆ្នាំ ក្រោយពីការ បង្កើតទំនាក់ទំនងការទូត ដែលបង្ហាញអំពីទំនាក់ទំនងអន្តរជាតិបែបថ្មី។ ក្នុងបរិបទ នៃការផ្លាស់ប្ដូរ និងបញ្ហាប្រឈមនានាយ៉ាងខ្លាំងក្លា នៅក្នុងពិភពលោក សារសំខាន់ជាយុទ្ធសាស្ត្រ នៃទំនាក់ទំនង កម្ពុជា-ចិន កាន់តែមានភាពចាំបាច់ថែមទៀត។ មិនថាស្ថានភាពអន្តរជាតិមានការផ្លាស់ប្តូរយ៉ាងណា ភាគីទាំងពីរនឹងធ្វើឱ្យកាន់តែស៊ីជម្រៅឥតងាករេ នូវមិត្តភាពដែកថែបយ៉ាងជិតស្និទ្ធ និងអភិវឌ្ឍកិច្ច សហប្រតិបត្តិការជាក់ស្តែងឈ្នះ-ឈ្នះ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សំដៅជំរុញការកសាង សហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។ ភាគីទាំងពីរបានប្រកាសបើកព្រឹត្តិការណ៍ «ឆ្នាំមិត្តភាព កម្ពុជា-ចិន» ដើម្បីអបអរសាទរខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព ឆ្ពោះទៅយុគសម័យថ្មី នៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដើម្បីបន្តថែរក្សាទំនាក់ទំនងមិត្តភាពដែកថែប ដែលជារតនសម្បត្តិដ៏ មានតម្លៃបំផុត គ្រប់ជំនាន់។

១. ភាគីកម្ពុជាបានអបអរសាទរយ៉ាងកក់ក្តៅសាជាថ្មី ចំពោះភាពជោគជ័យដ៏ពេញលេញ នៃ សមាជជាតិលើកទី ២០ របស់បក្សកុម្មុយនីស្តចិន និងការបោះឆ្នោតជ្រើសតាំង លោក ស៊ី ជីនពីង ជា អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី ២០ និងបានវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលរបស់ចិន នៅក្នុងទសវត្សរ៍ នៃយុគសម័យថ្មី និងទំនើបកម្មចិន ដែលបានផ្ដល់នូវជម្រើសមាគ៌ាទំនើបកម្ម ដែលរួមចំណែកយ៉ាងធំធេងដល់គតិបណ្ឌិត ដំណោះស្រាយ និងភាពរឹងមាំ ដើម្បី ដោះស្រាយបញ្ហារួមសម្រាប់មនុស្សជាតិ។ ភាគីកម្ពុជាបានសម្តែងជំនឿយ៉ាងមុតមាំថា ក្រោមការ ដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានសមមិត្ត ស៊ី ជីនពីង ជាស្នូល ចិននឹង សម្រេចបានគោលដៅ ១០០ ឆ្នាំ ទីពីរ ក្នុងការកសាងប្រទេសសង្គមនិយមទំនើបដ៏អស្ចារ្យលើគ្រប់ វិស័យ ក្លាយជាប្រទេសដ៏រុងរឿង តាមរយៈការធ្វើទំនើបកម្មចិន ដែលរួមចំណែកកាន់តែធំធេងដល់ បុព្វហេតុដ៏ឧត្ដុងឧត្ដម នៃសន្តិភាព និងការអភិវឌ្ឍសម្រាប់មនុស្សជាតិ។

២. ភាគីចិនបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់របស់កម្ពុជា ក្នុងការរក្សា ស្ថិរភាពជាតិ វិបុលភាព និងការកើនឡើងនូវឥទ្ធិពលរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ចិនជឿជាក់ថា ក្រោមម្លប់របស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រមុខ កម្ពុជានឹងបន្តសម្រេចបាននូវវឌ្ឍនភាពថ្មីៗ ក្នុងការអភិវឌ្ឍជាតិ និង សុខុមាលភាពជូនប្រជាពលរដ្ឋ ព្រមទាំងដើរតួនាទីកាន់តែធំធេង ក្នុងការថែរក្សាសន្តិភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក។

៣. ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហា ដែលជាផលប្រយោជន៍ ស្នូលរវាងគ្នានិងគ្នា ពិតជាមានសារសំខាន់ណាស់ សម្រាប់សហគមន៍វាសនារួមកម្ពុជា-ចិន។ ភាគីចិន បានអះអាងសាជាថ្មីអំពីការគាំទ្រឥតងាករេចំពោះជម្រើស នៃមាគ៌ាអភិវឌ្ឍន៍របស់ប្រជាជនកម្ពុជា ស្របទៅនឹងលក្ខខណ្ឌជាតិរបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីរក្សាឯករាជ្យភាព អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍ និងលើកកម្ពស់ជាបន្តបន្ទាប់ នៃរបៀបវារៈ នយោបាយជាតិសំខាន់ៗរបស់កម្ពុជា ហើយប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកពីបរទេសចូល កិច្ចការផ្ទៃក្នុងកម្ពុជា។

ភាគីកម្ពុជាបានអះអាងសាជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់នូវ “គោលនយោបាយចិន មួយ»។ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាង ឱ្យប្រទេសចិនទាំងមូល។ តៃវ៉ាន់ គឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្ដាច់ចេញពីទឹកដីរបស់ចិន ហើយ បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលមិនអាចត្រូវបានជ្រៀតជ្រែកពីកម្លាំងខាងក្រៅបានឡើយ។ កម្ពុជាប្រឆាំងការប៉ុនប៉ងនានា ក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ឬដើម្បីរារាំង និងទប់ស្កាត់ ប្រទេសចិន ក្រោមហេតុផលតៃវ៉ាន់ ឬសកម្មភាពបំបែកខ្លួនគ្រប់ទម្រង់ដើម្បីទាមទារ “ឯករាជ្យភាព តៃវ៉ាន់» និងសូមគាំទ្រយ៉ាងម៉ឺងម៉ាត់នូវកិច្ចប្រឹងប្រែងនានារបស់ចិន ដើម្បីសម្រេចបាននូវការបង្រួប បង្រួមជាតិ។

កម្ពុជានឹងមិនបង្កើតទំនាក់ទំនងផ្លូវការក្នុងទម្រង់ណាក៏ដោយ ជាមួយតៃវ៉ាន់ឡើយ។

ភាគីទាំងពីរបានឯកភាពថា បញ្ហាពាក់ព័ន្ធនឹងស៊ីនជាំងមិនមែនជាបញ្ហាសិទ្ធិមនុស្ស ប៉ុន្តែ ជាការបង្ក្រាបអំពើភេរវកម្ម ភាពជ្រុលនិយម និងការផ្ដាច់ខ្លួននិយម។ ភាគីកម្ពុជាបានបញ្ជាក់ជាថ្មីអំពី ការប្រឆាំងជាដាច់ខាត ចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដោយប្រើប្រាស់បញ្ហា ពាក់ព័ន្ធនឹងស៊ីនជាំង។

សូមអានខ្លឹមសារ សេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ទាំងស្រុងដូចខាងក្រោម ៕

ដោយ : សិលា


ចែករំលែក៖