ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីសម្តេចតេជោ បានបន្ថយពេលវេលាឲ្យសារព័ត៌មានអនឡាញ VOD សុំទោសក្នុងរយៈពេល ២៤ម៉ោងវិញ អង្គភាពមួយនេះប្រកាសថា, ខ្លួននឹងដាក់លិខិតមួយច្បាប់ជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈខុទ្ទកាល័យ នៅថ្ងៃអាទិត្យនេះ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្ថយពេលវេលាឲ្យសារព័ត៌មានអនឡាញ VOD សុំទោសក្នុងរយៈពេល ២៤ម៉ោងវិញ អង្គភាពមួយនេះប្រកាសថា, ខ្លួននឹងដាក់លិខិតមួយច្បាប់ជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈខុទ្ទកាល័យ នៅថ្ងៃអាទិត្យនេះ។ បើយោងតាម សេចក្ដីជូនដំណឹង របស់ VOD នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។ 

អង្គភាពមួយនេះបានបង្ហោះថា, ( ក្រោយពីមានប្រតិកម្មពីលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិនួ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅនឹងអត្ថបទដែល វីអូឌី បានចុះផ្សាយ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ឋនឹងការផ្តល់ជំនួយដល់ប្រទេសតួកគី ក្រុមការងារ វីអូឌី នឹងដាក់លិខិតមួយច្បាប់ជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈខុទ្ទកាល័យ នៅថ្ងៃអាទិត្យនេះ) ។

សូមបញ្ជាក់ថា, នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបន្ថយពេលវេលាឲ្យសារព័ត៌មានអនឡាញ VOD សុំទោសក្នុងរយៈពេល ២៤ម៉ោងវិញក្រោយពីមានអ្នកខំមិនម្នាក់ស្នើឱ្យរដ្ឋាភិបាលទុកពេលសម្រាប់ស្ថាប័ននេះបកស្រាយ។

សម្ដេចតេជោបានសរសេរនៅលើហ្វេសប៊ុករបស់សម្ដេចនៅថ្ងៃទី១២ ខែកុម្ភៈថា៖ «ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលាសូមទោសមកនៅត្រឹម២៤ម៉ោងគឺកំណត់ត្រឹមម៉ោង១០:០០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ២០២៣វិញ»។

បន្ថែមលើនេះសម្ដេចក៏បញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណបញ្ចប់ការផ្សាយរបស់ VOD តែម្ដង ត្រឹមម៉ោង១០៖០០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្អែកនេះក្នុងករណីដែលសារព័ត៌មានអនឡាញនេះមិនបានធ្វើការសូមទោស។

សម្ដេចថា៖ «ដំបៅមិនឈឺកុំយកឈើចាក់។ បើគង់តែពួកគេចោទថាខ្ញុំប្រើអំណាចខ្ញុំត្រូវតែប្រើអំណាចនេះដើម្បីបំពេញបំណងរបស់ពួកគេ»។

សារព័ត៌មានអនឡាញ VOD កាលពីថ្ងៃទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះផ្សាយដោយបានសរសេរថាខ្លួនបានយោងលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់អំពីការផ្ដល់ជំនួយទៅកាន់ប្រទេសទួកគីដែលលោកថាការចុះហត្ថលេខាផ្ដល់ជំនួយដោយលោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសតួកគីជំនួសសម្ដេចតេជោគឺមិនខុសនោះទេ។ ដែលការលើកឡើងនេះត្រូវបានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលច្រានចោល។

សារព័ត៌មានដដែលនេះបានបញ្ជាក់ថា៖ «ការលើកឡើងផ្ទុយគ្នានេះធ្វើឡើងក្រោយរដ្ឋាភិបាលកម្ពុជាប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារ ដល់ប្រទេសតួកគី ដែលកំពុងរងគ្រោះរញ្ជួយដី ដោយក្នុងនោះ លោក ហ៊ុន ម៉ាណែត បានតំណាងឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ក្នុងការចុះហត្ថលេខាផ្តល់ជំនួយ ខណៈលោក ហ៊ុន សែន កំពុងកាន់មរណទុក្ខចំពោះការបាត់បង់ប្អូនថ្លៃស្រី»។

ការចុះផ្សាយនេះបានធ្វើឲ្យលោក ហ៊ុន ម៉ាណែត ថាជារឿងមិនពិតស្នើឲ្យ VOD បង្ហាញភស្ភុតាង និងសុំទោស ព្រមទាំងធ្វើការកែសម្រួលពត៌មាននិងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំអោយសាធារណៈមតិមានការយល់ច្រឡំក្នុងរឿងនេះ។ 

សូមជម្រាបថា, នៅព្រឹកថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ ២០២២ តំណាងក្រសួងព័ត៌មាន ដឹកនាំដោយ លោក កឹម គុណវឌ្ឍន៍ លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកព័ត៌មាន និងសោតទស្សន៍ បានអញ្ជើញតំណាងវិទ្យុ VOD មកជួបប្រជុំ ដើម្បីធ្វើការបកស្រាយពាក់ព័ន្ធការចុះផ្សាយមួលបង្កាច់ពី វិទ្យុ VOD មកលើ លោក ហ៊ុន ម៉ាណែត ។

សូមបញ្ជាក់ថាសេចក្តីជូនដំណឹងរបស់អង្គភាព VOD មិនបានដើរស្របតាមរបបនៃក្រមសីលធម៌សារព័ត៌មាននោះឡើយ។ 

ខណៈខ្លួនត្រូវធ្វើការបកស្រាយកែតម្រូវឡើងវិញ មិនមែនជូនដំណឹង ។ នេះជាការប្រព្រឹត្តខុសវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ ហើយសន្មត់ថា អាចនឹងដើរផ្ទុយពីការអប់រំដោយក្រសួងព័ត៌មានកាលពីព្រឹកមិញនេះ៕

ដោយ : សិលា


ចែករំលែក៖