ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជា ប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា, (ស.ស.ស.ក) បានបង្ហោះសារ តាមក្រមសីលធម៌ វិជ្ជាជីវៈ នៃរបបសារព័ត៌មាន ដោយលោកសង្កត់ធ្ងន់ថា, “ជាក្រមសីលធម៌ និងយោងតាមច្បាប់ស្តីពីរបបសារព័ត៌មាន គឺ VOD ត្រូវផ្សាយកែតម្រូវជាសាធារណ ទៅតាមការបំភ្លឺនិងសំណូមរបស់សាមីខ្លួន”។
លោក ហ៊ុយ វណ្ណៈ បានលើកឡើងថា, ខ្ញុំបានតាមដានដោយយកចិត្តទុកដាក់អំពីការបំភ្លឺនិងសំណូមពររបស់គ្រប់ភាគី ដែលស្នើឱ្យវិទ្យុ VOD ធ្វើការកែតម្រូវចំពោះអ្វីដែលខ្លួនបានផ្សាយ។ ជាក្រមសីលធម៌ និងយោងតាមច្បាប់ស្តីពីរបបសារព័ត៌មាន គឺ VOD ត្រូវផ្សាយកែតម្រូវជាសាធារណ ទៅតាមការបំភ្លឺនិងសំណូមរបស់សាមីខ្លួន។ ការព្រងើយកន្តើយចំពោះឯកសារ៤នេះ ហើយមានៈ មិនចុះផ្សាយកែតម្រូវ គឺជាការខុសឆ្គង។
លោករដ្ឋលេខាធិការ ហ៊ុយ វណ្ណៈ បានលើកថា,
១- ឯកឧត្តម ហ៊ុន ម៉ាណែត បានស្នើសុំដោយទន់ភ្លន់ថា៖ «•ខ្ញុំសុំអោយវិទ្យុ VOD បង្ហាញឯកសារដែលបញ្ជាក់ថាខ្ញុំបានចុះហត្ថលេខាជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅអោយប្រទេសតួគីដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះខ្ញុំមិនបានដឹងរឿងនេះ ហើយខ្ញុំក៍មិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលដែរ។ •បើ VOD មិនមានឯកសារ ហើយចុះផ្សាយពត៌មានមិនត្រឹមត្រូវ សូមធ្វើការសុំទោស ព្រមទាំងធ្វើការកែសម្រួលពត៌មាននិងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំអោយសាធារណៈមតិមានការយល់ច្រឡំក្នុងរឿងនេះ។
២- សម្តេចតេជោ ហ៊ុន សែន ផ្តល់ទាំងឯកសារឆ្លងឆ្លើយជាចំហរ ហើយសុំត្រឹមថា «យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំ និងត្រឹមត្រូវរបស់យើងនោះឡើយ»។
៣- ក្រសួងការបរទេស បានចេញសេចក្តីប្រកាសព័ត៌មាន ផ្លូវការ២ថ្ងៃ មុនពេល VOD ផ្សាយទៅទៀតថា «កម្ពុជាប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួនមួយសែនដុល្លារអាមេរិកដល់តួកគី» ដែលបញ្ជាក់ថា កិច្ចការនេះ គឺក្រសួងការបរទេសដែលជាសេនាធិការរាជរដ្ឋាភិបាលជាអ្នកធ្វើ។
៤- អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានធ្វើសេចក្តីថ្លែងការណ៍ពីបញ្ហានេះរួចហើយ៕
ដោយ ៖ សិលា