ខេត្តបាត់ដំបង៖ រថភ្លើងដឹកទំនិញសង្ស័យដាច់កង់បណ្តាលឱ្យធ្លាក់ផ្លូវក្រឡាប់ទូកុងតឺន័រ២ទូសង្កត់ផ្ទះពលរដ្ឋ ខូចខាតប៉ះពាល់ចំនួន០២ខ្នងតែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ដែលហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ប្រហែល ៥និង០០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថភ្លើងមួយខ្សែ ផ្ទុកទំនិញនិងទូរកុងតឺន័រស្រូវជាច្រើនទូ បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែរថភ្លើងបានដាច់កង់ធ្លាក់តួរចេញពីផ្លូវបណ្តាលឱ្យក្រឡាប់ទូកុងតឺន័រស្រូវចំនួន២ទូសង្កត់ប៉ះលើផ្ទះពលរដ្ឋខូចខាតប៉ះពាល់ចំនួន០២ខ្នងតែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។
ក្រោយពេលកើតហេតុខាងម្ចាស់ក្រុមហ៊ុនរថភ្លើងបានទាក់ទងយករថយន្តស្ទូចយកតួររថភ្លើងនិងទូកុងតឺន័រឡើងដើម្បីយកទៅធ្វើការជួសជុល ចំណែកផ្ទះដែលរងការខូចខាតប៉ះពាល់ចំនួន០២ខ្នងត្រូវបានលោក លាង វាសនា អភិបាលក្រុងបាត់ដំបង ចាត់ឱ្យមេប៉ុស្តិ៍ធ្វើរបាយការណ៍ដើម្បីចុះជួយនៅពេលក្រោយ៕
ដោយ៖ចន្ទ លីហ្សា