ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះចាប់ដកហូតសម្ភារល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនៅហាងកាហ្វេមួយកន្លែង

ចែករំលែក៖

ភ្នំពេញ​៖​ ទីតាំងហាងលក់កាហ្វេបង្កប់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញដែលគ្មានច្បាប់អនុញ្ញាតមួយកន្លែងនៅភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ត្រូវបានអាជ្ញាធរចុះបង្ក្រាបចាប់ដកហូតសម្ភារមួយចំនួន​ កាលពីវេលាម៉ោង១១និង២០នាទី​ព្រឹកថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ២០២៣នេះ។ 

    លោក​ សុទ្ធ​ សុជាតិ​ ចៅសង្កាត់រងទី១​ នៃសាលាសង្កាត់ចោមចៅទី៣​ បានឱ្យដឹងថា​ ដោយអនុវត្តតាមប្រសាសន៍របស់​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ និងក្រោមការបញ្ជាផ្ទាល់របស់លោក​ សក់​ ច័ន្ធកញ្ញារិទ្ធ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ​ឱ្យបង្ក្រាបទាំងអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ។ 

    ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍សម្ងាត់ថា មានទីតាំងលក់កាហ្វេមួយកន្លែងបង្កប់ល្បែងស៊ីសងប្រភេទអនឡាញទេីបលោកដឹកនាំកម្លាំងសង្កាត់ចុះពិនិត្យជាក់ស្តែងតែម្តង។ 

    លោក​ សុទ្ធ​ សុជាតិ​ បានបន្តថា​ ក្រោយពិនិត្យជាក់ស្តែងទីតាំងខាងលេីមិនមានលិខិតអនុញ្ញាតឱ្យបើកអាជីវកម្មល្បែងស៊ីសងនោះទេ ទេីបធ្វេីលិខិតកិច្ចសន្យាបញ្ឈប់រាល់ការបេីកល្បែងស៊ីសងខុសច្បាប់លេីម្ចាស់ទីតាំង​ រួចដកហូតសម្ភារកុំព្យូទ័រដែលបេីកបញ្ចាំងល្បែងស៊ីសងចំនួន៣គ្រឿងយកមករក្សាទុកនៅសាលាសង្កាត់បណ្តោះអាសន្ន៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖