ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរាជទូតថ្មីប្រទេសជប៉ុនប្រចាំកម្ពុជាសន្យាថានឹងខិតខំជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាង រដ្ឋសភាកម្ពុជា-ជប៉ុនឱ្យកាន់តែស្អិតរមួតឡើង

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ( UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ទើបតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើក ឡើងថា នៅក្នុងបេសកកម្មការទូតរបស់លោក,លោកនឹងខិតខំជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរ ឲ្យកាន់តែស្អិតរមួតឡើង ដោយសារនៅពេលនេះទាំងកម្ពុជា និងជប៉ុន មានភាពធូរស្រាលពីបញ្ហាកូវីដ-១៩ ហើយប្រទេសទាំងពីរបានបើកចំហរឲ្យមានការចេញ ចូលរវាងគ្នាទៅវិញទៅមក។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលជួប លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី  នៅវិមានរដ្ឋសភានាព្រឹកថ្ងៃចន្ទទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ 

នៅក្នុងឱកាសនោះលោកឯកអគ្គរាជទូតបានកោត សរសើរចំពោះពលីកម្ម និងការចូលរួមរំដោះ និងកសាងប្រទេសកម្ពុជា របស់សម្តេច ប្រធានរដ្ឋសភាតាំងពីដើមរហូតមក។

លោកឯកអគ្គរាជទូត បានអបអរសាទរចំពោះការរីក ចម្រើនរបស់កម្ពុជា និងជោគជ័យនៅក្នុងការរៀបចំកិច្ច ប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នាពេលថ្មីៗនេះ។ លោកបានគូសបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ខាងមុខនេះ រាជរដ្ឋាភិបាលជប៉ុនបានត្រៀមខ្លួនជួយដល់កម្ពុជាជានិច្ច។

ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយ បានស្វាគមន៍ និងអបអរ សាទរលោកអ៊ូអ៊ិណូ អាតស៊ូហ្ស៊ី  ដែលត្រូវបានរាជរដ្ឋា ភិបាលជប៉ុនផ្តល់សេចក្តីទុកចិត្ត តែងតាំងជាឯកអគ្គរាជ ទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចបានគូសបញ្ជាក់ថា ជប៉ុនមានគុណបំណាច់យ៉ាងធំធេងណាស់ ក្នុងការរួមចំណែក ធ្វើអោយកម្ពុជា មាន សុខសន្តិភាព និងការអភិវឌ្ឍបានដូចសព្វថ្ងៃ។ ប្រការនេះធ្វើឲ្យជប៉ុនក្លាយជាដៃគូអភិវឌ្ឍន៍ដ៏មានសក្តានុពលរបស់កម្ពុជា។

សម្តេចបានស្នើដល់ភាគីជប៉ុនបន្តជួយគាំទ្រដល់ការ បណ្តុះបណ្តាលធនធានកម្ពុជាបន្ថែមទៀត ដែលការបណ្តុះបណ្តាលនោះ ជាការកសាងធនធានមនុស្ស សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។ 

សម្តេចសង្ឃឹមថា នៅក្នុងអាណត្តិការទូតថ្មីនេះលោកនឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្តាក្រសួង មន្ទីរ និង ស្ថាប័នខេត្ត-ក្រុងនានា របស់កម្ពុជា សំដៅពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យនានា ឲ្យកាន់តែស្អិតរមួតថែមទៀត ជាពិសេសបន្តជួយ សម្រួលដល់កម្មសិក្សាការីជំនាញកម្ពុជា បានទៅធ្វើការ នៅប្រទេសជប៉ុនឲ្យបានកាន់តែច្រើនថែមទៀត។

រដ្ឋសភា ត្រៀមខ្លួនជាសេ្រច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការគ្រប់យ៉ាងជាមួយលោកឯកអគ្គរាជទូត ដើម្បីឲ្យបេសកកម្មការទូតរបស់លោកទទួលបានជោគជ័យ៕

ដោយ៖ សូរិយា


ចែករំលែក៖