ខេត្តកំពង់ឆ្នាំង៖ វរសេនីយ៍ឯក ឃូ សុផាន់ មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអប់រំចិត្តសាស្ត្រដល់យោធិន នាព្រឹកថ្ងៃចន្ទទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង ។
លោកមេបញ្ជាការរង បានថ្លែងកោតសរសើរដល់ នាយ-ពលទាហាន ទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំបំពេញភារកិច្ចតាមជំនាញនីមួយៗនាសប្តាហ៍កន្លងទៅ ទទួលបានលទ្ធផលល្អសម្រេចតាមផែនការដែលបានដាក់ចេញ ។ លោកមេបញ្ជាការរង បានបន្តណែនាំដល់គ្រប់បណ្តាការិយាល័យ ផ្នែក ទាំងអស់ត្រូវបន្តខិតខំយកចិត្តទុកដាក់ទាំងការងារស្នូល និងការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃរបស់កងទ័ពផង និងស្វែងរកចំណូលចូលអង្គភាពផង ។
ចុងបញ្ចប់ លោកមេបញ្ជាការរង ក៏បានក្រើនរំលឹកដល់នាយ-ពលទាហានទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ទោះបីយើងបានចាក់វ៉ាក់សាំងដូសទី៦ហើយក៏ដោយ និងត្រូវតែបន្តចូលរួមអនុវត្តវិធានការ ៣ការពារ៣កុំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕
ដោយ៖សហការី