ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានពន្ធដារ ជម្រាបជូន លោក LEW SAN KENG នាយកក្រុមហ៊ុន ហ្គែង គ្លរី (ខេមបូឌា) ហ្គាមេន មកបង់ពន្ធជូនរដ្ឋផង !

ចែករំលែក៖

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោកនាយកក្រុមហ៊ុន ហ្គែង គ្លីរី (ខេមបូឌា) ហ្គាមេន (GANG GLORY (CAMBODIA) GARMENT CO., LTD.) លេខអត្តសញ្ញាណកម្មសារពើពន្ធ៖ L001-100193277 ចុះបញ្ជីនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំឱ្យបានជ្រាបថាការបង់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់ អ្នកជាប់ពន្ធគ្រប់រូបដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានអញ្ជើញលោកនាយកមក ដើម្បីដោះស្រាយបំណុលពន្ធតាមរយៈលិខិតអញ្ជើញជូនដល់អាសយដ្ឋាន ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែក្រុមហ៊ុនមិនបានទូទាត់បំណុលពន្ធតាមនីតិវិធីច្បាប់។

អនុលោមតាមមាត្រា ៩៥ (ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារ សូមអញ្ជើញលោកនាយកមកអគ្គនាយកដ្ឋានពន្ធដារ បន្ទប់លេខ២០៤ ទូរស័ព្ទទំនាក់ទំនង ០២៣ ៨៨៤ ៨០០ មិនឱ្យ លើសពី ១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។

ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកនាយកត្រូវចាត់ទុកថាបានប្រព្រឹត្តបទ ល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារដូចមានចែងក្នុងមាត្រា១២៧ ១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ប្ដឹងទៅតុលារការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់ លោកនាយកក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ៕

ដោយ ៖ សិលា


ចែករំលែក៖