ភ្នំពេញ ៖ គីសក្រពេញគល់រោម(Kyste Sébacé) គឺជាប្រភេទគីសដែលកើតឡើង ដោយមានការកកស្ទះរន្ធរបស់ក្រពេញបញ្ចេញសារធាតុខ្លាញ់ម្យ៉ាង (Accumulation de sébum sous la peau) ដែលស្ថិតជាប់ជាមួយរោមលើស្បែកនៃរាងកាយខ្លួនយើង ជាពិសេសលើខ្នង។ នេះជាការលើកឡើងពីខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital នៅព្រលប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ក) មូលហេតុ៖
ការកកស្ទះនេះបង្កឡើងដោយមេរោគ ក្អែល ឬក៏ធូលី និងកំទេចកំទីល្អិតៗផ្សេងៗ ដែលជាប់នៅលើរាងកាយ និងកត្តារួមផ្សំដទៃទៀត ដូចជាស្ត្រេស កម្តៅព្រះអាទិត្យ ការជក់បារីជាដើម។
ខ) រោគសញ្ញា៖
កើតឡើងមានលក្ខណៈដូចជា កន្ទួលលើស្បែក រឹងពណ៌សឬលឿង។ ក្នុងដំណាក់កាលដំបូង វាមិនបង្កឱ្យឈឺចាប់អ្វីទេ ក៏ប៉ុន្តែពេលគ្មានការថែទាំ និងព្យាបាលត្រឹមត្រូវ ដុំគីសនេះនឹងវិវត្តន៍ទៅជាកន្ទួលក្រហមធំឡើងៗ និងមានសភាពឈឺចាប់ ហើយករោគ ឬធ្លាយហូរទឹករងៃ អាចមានក្លិនស្អុយចេញមកក្រៅ។
គ) ការព្យាបាល៖
វិធីព្យាបាលប្រែប្រួលទៅតាមការវិវត្តន៍របស់គីស
– ករណីគីសនៅតូចជាង 1 សង់ទីម៉ែត្រ មិនមានការរំខានឬឈឺចាប់ គេអាចតាមដានមួយរយៈសិនបានដោយគ្រាន់តែសម្អាតរាងកាយដោយសាប៊ូធម្មតាកុំអោយរលាកនិង បង្ករោគ (infection et puis abcès ) និង តាមដាន។
– ករណីរីកធំត្រូវព្យាបាលដោយវះកាត់យកចេញឲ្យបានទាំងមូល កុំឲ្យរហែកស្រោមព្រោះវានឹងអាចកើតឡើងវិញ។
– ក្នុងករណីមានការរលាកនិងឡើង Abcès គេត្រូវព្យាបាលដោយវិធីវះកាត់យកចេញ និងចំហមុខរបូស លាងសម្អាតរូតអស់ខ្ទុះនិងប្រើប្រាស់ថ្នាំសម្លាប់មេរោគបន្ថែម រួចអាចដេរភ្ជិតមុខបន្ថែមទៀត។
ឃ) ការការពារ៖
– ត្រូវអនាម័យខ្លួនប្រាណដោយការលាង ជម្រះក្អែល ឬភាពកខ្វក់ក្រោយពីបញ្ចប់ការងារប្រចាំថ្ងៃ
– មិនត្រូវស្លៀកពាក់តឹងចង្ទៀតពេក
– ព្យាយាមជ្រើសរើសយកក្រណាត់ ឬសម្លៀកបំពាក់ណា ដែលអាចជួយឲ្យស្បែកមានខ្យល់ចេញចូលបានស្រួល មិនធ្វើឲ្យក្តៅស្អុះស្អាប់ដល់ស្បែករបស់យើងទេ។
“ប្រសិនបើលោក លោកស្រីមានបញ្ហាប្រឈមដូចខាងលើនេះ សូមមេត្តាប្រញាប់មកពិគ្រោះជាមួយក្រុមការងារវេជ្ជបណ្ឌិតឯកទេសជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានរោគវិនិច្ឆ័យ និងវិធីសាស្ត្រនៃការព្យាបាលឲ្យបានឆាប់រហ័ស ប្រសិទ្ធភាពខ្ពស់”៕
ដោយ ៖ សហការី