ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំអាជ្ញាធរខណ្ឌបឹងកេងកង និងមន្រ្តីជំនាញពាក់ព័ន្ធ មួយចំនួនទៀត ចុះពិនិត្យទីតាំងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីត្រៀមទទួលគណៈប្រតិភូជាន់ខ្ពស់របស់ប្រទេសអាល្លឺម៉ង់ដែលនឹងអញ្ជើញទៅពិនិត្យស្វែងយល់ពីការពិតនៃរបបប្រល័យពូជសាសន៍ប៉ុលពតនៅក្នុងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៅ នៅរសៀលទី១៥កុម្ភៈ ស្អែកនេះ។
លោក ឃួង ស្រេង ក្នុងឱកាសនៃការចុះពិនិត្យទីតាំងនៅជុំវិញសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនោះ បានធ្វើការណែនាំឲ្យអាជ្ញាធរ ដូចជា មន្ទីរពាក់ព័ន្ធ ពិសេស មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំសំអាតអនាម័យ បរិស្ថាន នៅជុំវិញទីតាំងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះ ដោយត្រូវបាញ់ទឹកលាងផ្លូវ ជុំវិញបរិវេណនេះផងដែរ ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យទីតាំងនៅជុំវិញ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះ មានសោភណ្ឌភាពនិងមាន បរិស្ថាន ល្អប្រសើរ ជាមួយនិងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ដ៏ល្អផងដែរ។
សូមបញ្ជាក់ថា៖ ប្រមុខរដ្ឋ និងជាប្រធានាធិបតីនៃសាធាណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) និងលោកជំទាវ អែលឃើ បឿឌិនបិនឌ័រ ( Elke Büdenbender) នឹងបំពេញទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជណាចក្រកម្ពុជាពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយនៅរសៀលទី១៥កុម្ភៈស្អែកនេះ លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រនឹងអញ្ជើញទៅពិនិត្យស្វែងយល់ពីការពិតនៃរបបប្រល័យពូជសាសន៍ប៉ុលពតនៅក្នុងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះផងដែរ៕
ដោយ ៖ សំរិត