ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តមិនប្រកាន់ស្ដាំបុកយុវជនម្នាក់កំពុងជិះម៉ូតូបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតគួរឱ្យអាសូរ ខណៈកំពុងតែជិះម៉ូតូសុខៗ ត្រូវរថយន្តមួយគ្រឿងបើកមិនប្រកាន់ស្ដាំមកបុកពេញមួយទំហឹង កាលពីថ្ងៃទី១៤ ខែកម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៩និង៣០នាទី ត្រង់ចំណុចខាងមុខផ្ទះលោក តាបារាំង នៅលើកំណាត់ផ្លូវលេខ ២១A ស្ថិតនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឱ្យដឹងថា រថយន្តបង្កម៉ាកNISSAN UD ពណ៌ស ប្រភេទបែនដឹកដី ពាក់ផ្លាកលេខ តាកែវ3A-2993 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ(គេចខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ ប្រាក់ រានុត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល  បើកបរម៉ូតូម៉ាកHONDA SCOOPY ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1IR-5757 ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក NISSAN UD ពណ៌ស ប្រភេទបែនដឹកដី ពាក់ផ្លាកលេខ តាកែវ3A-2993 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ (គេចខ្លួន) រថយន្តបើកបរមានទិសដៅពី លិចទៅកើត ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើក៏បានបុកម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1IR-5757 អ្នកបើកម៉ូតូឈ្មោះ ប្រាក់ រានុត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាលបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយម៉ូតូជនរងគ្រោះបើកបរមានទិសដៅបញ្ច្រាសគ្នាពីកើតទៅលិច។  សពត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យជ័យជំនះដឹកយកទៅជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ចំពោះមធ្យោបាយដែលពាក់ព័ន្ធត្រូវបានសមត្ថកិច្ចជំនាញយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។

មូលហេតុករណីខាងលើគឺបណ្ដាលមកពីអ្នកបើករថយន្តបើកបរចូលចំណែកផ្លូវរបស់ម៉ូតូនិងបើកបររថយន្តគេចចេញពីកន្លែងកើតហេតុ ៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖