ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ដ្រី ឌិត ទីណា ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពវិជ្ជាជីវៈ គឺជាអាទិភាពធំបំផុត ដែលសាលាត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការតម្រង់ទិសដល់និស្សិតឱ្យចាប់យកអ្វីដែលខ្លួនស្រលាញ់

ចែករំលែក៖

ខេត្ត​កំពង់​ចាម​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ របស់វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។

ក្នុងពិធីបើកបវេសនកាលនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូនៃវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បញ្ញា និងស្មារតី ក្នុងការបំពេញតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួន ជូនជាតិមាតុភូមិក្នុងការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពវិជ្ជាជីវៈ គឺជាអាទិភាពធំបំផុត ដែលសាលាត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការតម្រង់ទិសដល់និស្សិតឱ្យចាប់យកអ្វីដែលខ្លួនស្រលាញ់ និងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានទាំងចំណេះដឹង ចំណេះធ្វើ និងសីលធម៌សង្គម ហើយឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។ 

សាលាក៏ត្រូវដឹកនាំនិស្សិតឱ្យអនុវត្តជាក់ស្តែង និងផ្តល់នូវជំនាញបន្ថែមដូចជាភាសាអង់គ្លេស កុំព្យុទ័រ និងអាចបន្តការសិក្សានៅក្រៅប្រទេសបន្ថែម ក្នុងការលើកកម្ពស់សមត្ថភាព ដោយមិនគ្រាន់តែជាការដាំដុះបង្កបង្កើនផលទេ តែនិស្សិតអាចទទួលបានការងារល្អ អនាគតល្អក្នុងវិស័យកសិកម្ម និងអាចនឹងក្លាយជាថៅកែនៅពេលអនាគតផងដែរ។ លើសពីនេះទៀត សាលាត្រូវពិនិត្យលទ្ធភាពបន្ថែមពីការកែច្នៃរបស់ដែលមានស្រាប់ ដើម្បីទទួលបាននូវតម្លៃបន្ថែម បង្កើនប្រាក់ចំណេញ ដែលអាចជួយដល់និស្សិត និងកសិករផងដែរ។ មុខវិជ្ជាសេដ្ឋកិច្ច គឺសំខាន់ ដែលសាលាត្រូវធ្វើយ៉ាងណាឱ្យនិស្សិតអាចយល់ដឹងពីទីផ្សារការងារ។ យ៉ាងណាមិញ សាលាត្រូវប្រឹងប្រែងពង្រឹងសមត្ថភាព កសាងកេរ្តិ៍ឈ្មោះ និងបង្កើនចំណូល ដើម្បីរក្សានិរន្តរភាពសេដ្ឋកិច្ច និងមានលំនឹងខ្លួនឯង។ 

សូមជម្រាបជូនថា វិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម គឺជាគ្រឹះស្ថានសាធារណៈមួយក្នុងចំណោមគ្រឹះស្ថានសាធារណៈទាំងបី ដែលបណ្តុះបណ្តាលជំនាញកសិកម្ម។ វិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម មានបណ្តុះបណ្តាលអ្នកបច្ចេកទេសកសិកម្មគ្រប់កម្រិតដូចជា វិទ្យាសាស្ត្រកសិកម្ម វិទ្យាសាស្ត្រនិងវេជ្ជសាស្ត្រសត្វ វិទ្យាសាស្ត្រដំណាំកៅស៊ូ វិទ្យាសាស្ត្រជលផល និងសេដ្ឋកិច្ចនិងគ្រប់គ្រង ព្រមទាំងមានស្ថានីយផលិតកម្មនិងស្រាវជ្រាវផងដែរ។ ក្នុងឆ្នាំសិក្សា ២០២២-២០២៣នេះ សាលាមាននិស្សិតកំពុងសិក្សាសរុប ៥០៤នាក់ ក្នុងនោះស្រី ១៧០នាក់៕

ដោយ​៖ស​ តារា​


ចែករំលែក៖