ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការបង្គាប់ឱ្យអនុរក្សពន្ធនាគារ នាំមេតុងទីនម្នាក់មកឆ្លើយបំភ្លឺពីដំណើររឿងឆបោក និងរំលោភលើទំនុកចិត្ត

ចែករំលែក៖

​ភ្នំពេញ ៖ តាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញដីកាបង្គាប់ឲ្យអនុរក្សពន្ធនាគារព្រៃស នាំខ្លួនជនត្រូវចោទម្នាក់ដែលជាមេតុងទីន មានឈ្មោះ ឡុង រ៉ានី ភេទស្រី អាយុ៣៦ ឆ្នាំ កំពុងជាប់ឃុំបណ្តោះអាសន្នក្នុងពន្ធនាគារPJ ដើម្បីចូលឆ្លើយបំភ្លឺដំណើររឿងពីបទ ឆ.បោក និងរំលោភលើទំនុកចិត្ត តាមពាក្យបណ្តឹងរបស់ជនរងគ្រោះម្នាក់ទៀត ។ 

 សូមជម្រាបថា លោក កី ម៉ា​នេ​រ៉ា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រា​ធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៣ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​មេ​តុងទីន​ម្នាក់ ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​លោក សឿ ឡង​ឌី ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង បាន​ធ្វើការ​ចោទប្រកាន់​លើ​ជន​ត្រូវ​ចោទ​ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧ​បរ​ណ៍​អាច​ជួញដូរ​បាន ពាក់ពន្ធពីបទ.​ឆបោក និង​ចាយ​សែក​ស្អុយ​ដែល​មាន​ទឹកប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ 

សូម​ជម្រាប​ទៀតថា កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមករា កម្លាំង​សមត្ថ​កិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន​មេ​តុងទីន​ម្នាក់ និង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​(​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧ​បរ​ណ៍​អាច​ជួញដូរ​បាន​) ពោល​គឺ ឆបោក និង​ប្រើប្រាស់​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់ (សែក​ស្អុយ​) ។  ជនសង្ស័យ​ឈ្មោះ ឡុ​ង រ៉ា​នី ភេទ​ស្រី អាយុ​៣៦ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៤០​ស ផ្លូវ​លេខ​៣៥០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។ 

ការ​ចាប់ខ្លួន​មេ​តុងទីន​ខាងលើ ត្រូវ​បាន​សមត្ត​កិច្ច​បង្ហើប​ឲ្យ​ដឹង ជា​ការ​ធ្វើ​ឡើង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន របស់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​យោង​ទៅ​លើ​ពាក្យបណ្តឹង​របស់​ឈ្មោះ ឈឹ​ម ភា​រី ដែល​មាន​មេធាវី​ការពារ​ក្តី​តំណាង​ដោយ​អាណត្តិ​គឺ​លោកស្រី នួន មក​រា សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ 

តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា សុំ​ប្តឹង​ឈ្មោះ ឡុ​ង រ៉ា​នី និង​ប្តី ជា​មេ​តុងទីន​បាន​លេង​ជាមួយ​គ្នា មាន​ក្បាល​តុងទីន​ផ្តាច់​ខ្សែ ១០០ (៧)៦០០(៦)៥០០ (៦) (​ដូច​មាន​ក្នុង​ឧ​បស​ម្ភ័​ន្ធ​ភ្ជាប់​) ហើយដើមបណ្តឹង​ជា​កូន​តុងទីន​បាន​បង់ប្រាក់គ្រប់​ចំនួន សរុប ៣២៧ ១៦០ ដុល្លារ​អា​មេ​រិ​ក​ ដល់ពេលត្រូវដេញតុងទីនកើបយកប្រាក់នោះមកវិញ ស្រាប់តែមេ​តុងទីន​ឈ្មោះ ឡុ​ង រ៉ា​នី និង​ប្តី បានចេញ​មូលប្បទានប័ត្រ​មួយ​សន្លឹក​ ចុះ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៣ របស់​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់ ដែល​មាន​ទឹកប្រាក់​ចំនួន ២២៩ ៦៦០ ដុល្លារ​អា​មេ​រិ​កឲ្យជំនួស និង​សន្យា​ប្រគល់​ប្រាក់សុទ្ធ​ខាងក្រៅ​ឲ្យ​គ្រប់​ចំនួន​បន្ថែម​ទៀត ។ ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់​ត្រូវបើកប្រាក់នោះ ស្រាប់តែ​ខាង​ធនាគារ​ឆ្លើយ​តប​ថា មូលប្បទានប័ត្រ​នេះ​មិន​មាន​សាច់ប្រាក់​ទេ ហើយ​មេ​តុងទីន​បានប្លុក​មូល​ប្ប​ទា​ប័ត្រ​នេះ ដោយ​គ្មាន​ហេតុផល​អ្វី​ទាំងអស់​ទៀត​ផង ។ 

តាមប្រភពព័ត៌មានឲ្យដឹងថា នៅ​មានកូន​តុងទីន​ជា​ច្រើន​នាក់​ទៀត ដែល​រង​គ្រោះដោយសារ​មេ​តុងទីន​ពីរ​នាក់​ប្តី​ប្រពន្ធ​រូប​នេះ​ វេច​លុយ​រត់សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជិត ២ លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ហើយ​កូន​តុងទីន​ដែល​រង​គ្រោះ​ទាំង​អស់នោះ បាន និងកំពុងរៀបចំ​ឯកសារ​ពាក់​ព័ន្ធ ដើម្បី​ពឹងពាក់​មេធាវី​ការពារ​ផ្លូវច្បាប់ ប្តឹង​ឈ្មោះ ឡុ​ង រ៉ា​នី និង​ប្តី ជា​មេ​តុងទីន បន្តបន្ទាប់​ ។

ដូច្នោះ​ក្នុង​នាម​ជា​ជន​រង​គ្រោះ ស្នើ​សុំ​ឲ្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មេត្តា​ចាត់ការ​លើ​មេ​តុងទីន និង​ប្តី ទៅតាម​ផ្លូវច្បាប់​ ។ 

ការបង្គាប់ឲ្យនាំខ្លួនមេតុងទីនឈ្មោះ ឡុង រ៉ានី ចូលមកឆ្លើយបំភ្លឺចំពោះមុខតំណាងអយ្យការនេះ គឺតាមពាក្យបណ្តឹងទី២ ហើយអាចនៅមានពាក្យបណ្តឹងជាបន្តបន្ទាប់ទៀត ព្រោះមេតុងទីនជាប់លុយគេរាប់សិបម៉ឺនដុល្លារអាមេរិកឯណោះ ៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖