ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងកិច្ចការនារី សូមអំពាវនាវដោយទទូចដល់បុគ្គលដែលមានវិវាទនឹងគ្នា សូមប្រកាន់យកការដោះស្រាយដោយចៀសវាងការប្រើប្រាស់ពាក្យសំដីជេរប្រមាថ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងកិច្ចការនារី សូមអំពាវនាវដោយទទូចដល់បុគ្គលដែលមានវិវាទនឹងគ្នា សូមប្រកាន់យកការដោះស្រាយដោយចៀសវាងការប្រើប្រាស់ពាក្យសំដីជេរប្រមាថ អសុរោះ អសីលធម៌ដើម្បីដោះស្រាយបញ្ហា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

នាពេលកន្លងទៅថ្មីៗនេះ មានការលេចឡើងនូវបាតុភាពនៃការប្រើប្រាស់ពាក្យសំដីមិនសមរម្យ អសុរោះ ប្រាសចាកសុជីវធម៌ និងសីលធម៌ តាមបណ្តាញទំនាក់ទំនងសង្គម ដោយបុគ្គលមួយចំនួនតូច ធ្វើឱ្យប៉ះពាល់ដល់ កិត្តិយស សេចក្ដីថ្លៃថ្នូររបស់បុគ្គលជាស្ត្រីខ្មែរ ព្រមទាំងធ្វើឱ្យសាធារណជនមានការថ្នាំងថ្នាក់ដល់កិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ដែលជានិច្ចកាល តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ និង ការពារសិទ្ធិស្ត្រីគ្រប់រូប ដោយគ្មានការរើសអើងអ្វីឡើយ។

ក្រសួងកិច្ចការនារី សូមសំដែងនូវការសោកស្តាយ និងមិនគាំទ្រដាច់ខាត ចំពោះរាល់សកម្មភាព និងទង្វើ ទាំងឡាយណា ដែលមានចរិតហិង្សា អសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ព្រមទាំងផ្តល់ជាគំរូមិនល្អ សម្រាប់យុវជន យុវតី កុមារា កុមារី ជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី និងសសរ ទ្រូងរបស់ប្រទេសជាតិ។ ក្រសួងកិច្ចការនារី សូមអំពាវនាវដោយទទូចដល់បុគ្គលដែលមានវិវាទនឹងគ្នា សូម ប្រកាន់យកនូវការដោះស្រាយដោយសន្តិវិធី ចៀសវាងការប្រើប្រាស់ពាក្យសំដីជេរប្រមាថ អសុរោះ អសីលធម៌ ដើម្បីដោះស្រាយបញ្ហា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ជាថ្មីម្តងទៀត ក្រសួងកិច្ចការនារី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសាធារណជនទាំងអស់ ដែលបានសំដែងការមិនពេញចិត្ត សំដៅរួមចំណែកការពារកិត្តិយស និងមុខមាត់របស់ប្រទេសជាតិ និងមាន ជំនឿយ៉ាងមុតមាំថាសាធារណជនទាំងអស់ ទាំងក្នុងប្រទេស និងក្រៅប្រទេស នឹងបន្តចូលរួមយ៉ាងសកម្មជាមួយ រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់នូវរាល់បាតុភាពអសកម្មទាំងឡាយ សំដៅលើកកម្ពស់សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ របស់ប្រជាជនខ្មែរ ព្រមទាំងរក្សាតម្លៃស្ត្រីខ្មែរ ឱ្យកាន់តែល្អផូរផង់តទៅមុខទៀត ៕

ដោយ ៖ សិលា


ចែករំលែក៖