រដ្ឋបាលអាកាសចរណ៍អាមេរិក បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលធ្លាក់នៅលើផ្លូវហាយវ៉េនោះគឺជារបស់កម្លាំងយោធា ។ នៅពេលនេះមន្ទីរបញ្ចកោណមិនបានធ្វើអត្ថាធិប្បាយលើឧបទ្ទវហេតុនេះទេ។
សារព័ត៌មាន Sputnik បានដកស្រង់ព័ត៌មានពីប៉ុស្តិ៍ទូរទស្សន៍ BNO News ដែលបានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីរដ្ឋាភិបាលក្នុងស្រុក និងសាក្សីដែលឃើញហេតុការណ៍បាននិយាយថា ឧទ្ធម្ភាគចក្រយោធាមួយបានធ្លាក់នៅលើផ្លូវហាយវ៉េក្បែរទីក្រុង Huntsville ក្នុងរដ្ឋ Alabama សហរដ្ឋអាមេរិក។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៦ កុម្ភៈ ។ ឧទ្ធម្ភាគចក្របានធ្លាក់លើផ្លូវហាយវ៉េក្នុងតំបន់ Harvest ប៉ុន្តែមិនបណ្តាលឱ្យខូចខាតដល់យានយន្តនៅលើផ្លូវនោះទេ។ បន្ទាប់ពីបុកដី ឧទ្ធម្ភាគចក្រក៏បានឆេះ
សាក្សីបានបញ្ចេញវីដេអូដែលបង្ហាញពីផ្សែងខ្មៅយ៉ាងក្រាស់ផុសចេញពីកន្លែងកើតហេតុធ្លាក់ឧទ្ធម្ភាគចក្រ ភ្លើងត្រូវបានពន្លត់ភ្លាមៗ។
បើតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់បានបញ្ជាក់ថា ពុំមាននរណាម្នាក់រួចជីវិតពីគ្រោះថ្នាក់នេះឡើយ ។ ទន្ទឹមនឹងនេះចំនួនមនុស្សនៅលើយន្តហោះមិនទាន់កំណត់បាននៅឡើយទេ។
ការិយាល័យតម្រួតខោនធី Madison បាននិយាយថា អាជ្ញាធរបាននៅកន្លែងកើតហេតុដើម្បីដោះស្រាយស្ថានភាព។ រដ្ឋបាលអាកាសចរណ៍អាមេរិកបានបញ្ជាក់ប្រាប់ប៉ុស្តិ៍ទូរទស្សន៍ថា នេះជាឧទ្ធម្ភាគចក្រយោធា ខណៈមន្ទីរបញ្ចកោណមិនបានធ្វើអត្ថាធិប្បាយជុំវិញហេតុការណ៍នេះទេ។ នៅពេលនេះមិនទាន់មានព័ត៌មានស្តីពីការស្លាប់និងរបួសនោះឡើយ៕ ដោយ៖ ធីរីណា
រូបថត ៖ Vietnam+