ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Techno Serve។ ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវស្វាគមន៍ចំពោះក្រុមហ៊ុន ដែលស្វែងរកការសហការគាំទ្រពីក្រសួង ក្នុងការវិនិយោគលើវិស័យកសិកម្ម និងគាំទ្រដល់កសិករ។
នៅក្នុងវិស័យកសិកម្ម បើតាមការបញ្ជាក់ពីលោករដ្ឋមន្ត្រី ឌិត ទីណា បានឱ្យដឹងថា គោលដៅសំខាន់ គឺសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច។ ពោលគឺធានាឱ្យបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងលក់ចេញដើម្បីប្រាក់ចំណេញ ព្រមទាំងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។
ជាមួយគ្នានេះ ការធ្វើផលិតកម្មដំណាំត្រូវមានផែនច្បាស់លាស់ និងស្របតាមបច្ចេកទេស ដើម្បីធានាបាននូវគុណភាព ស្តង់ដា តម្លៃល្អ និងឆ្លើយតបបានត្រឹមត្រូវតាមតម្រូវការទីផ្សារ។ លើសពីនេះទៀត លោករដ្ឋមន្ត្រី ក៏បានលើកពីយន្តការហិរញ្ញវត្ថុ ដោយធ្វើយ៉ាងណាឱ្យកសិករទទួលបានកម្ចី ដែលមានការប្រាក់សមរម្យដើម្បីជំរុញផលិតកម្ម ព្រមទាំងកម្មវិធីធានារ៉ាប់រងផលិតកម្ម (Crop Insurance) ជាដើម៕
ដោយ៖ ស តារា