ខេត្តព្រៃវែង៖ មានករណីជំងឺផ្តាសាយបក្សី H5N1 បានកើតទៅលេីកុមារីម្នាក់ អាយុ ១១ឆ្នាំ រស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បណ្តាលឱ្យកុមារីរូបនេះស្លាប់បាត់បង់ជីវិត។ នេះបើតាមការបញ្ជាក់របស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងនៃក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ប្រភពដដែលបានបញ្ជាក់ថា កុមារីរូបនេះបានចាប់ផ្តេីមឈឺ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ ៣៩អង្សាសេ ព្រមទាំងមានក្អក ឈឺក។ ក្រោយការព្យាបាលនៅមូលដ្ឋានមិនបានធូរស្រាល ដោយកុមារីចាប់ផ្តេីមហត់ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ។
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យព្យាបាលបានយកវត្ថុសំណាកផ្ញេីមកវិទ្យាស្ថានជាតិសុខភាពសាធារណៈ ទើបទទួលលទ្ធផល ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ ដោយបញ្ជាក់ថាមានវិជ្ជមាន មេរោគផ្តាសាយបក្សី H5N1 ចំណែកកុមារីបានបាត់បង់ជីវិតហេីយ និងបានធ្វេីពិធីបុណ្យសពតាមប្រពៃណីនៅក្នុងភូមិ-ឃុំ ខាងលេី។
សូមប្រជាពលរដ្ឋគ្រប់រូបសូមកុំប៉ះពាល់សត្វឈឺឬងាប់ ទាំងសត្វបក្សីស្រុក និងបក្សីព្រៃ ហើយអ្នកសង្ស័យសូមពិគ្រោះជំងឺជាមួយគ្រូពេទ្យ ឬ រាយការណ៍ទៅលេខ១១៥ ៕
ដោយ៖ សូរិយា