ព័ត៌មានទាន់ហេតុការណ៍៖

លោកអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងបរិស្ថានចុះពិនិត្យវឌ្ឍនភាពគម្រោងដាំស្ដារព្រៃឈើឡើង វិញនៅដែនជម្រកសត្វព្រៃភ្នំព្រេច

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នៅរសៀលថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ ២០២៣លោក កែវ សុភគ៌ អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងបរិស្ថានបានអញ្ជើញចុះពិនិត្យ វឌ្ឍនភាពការងារគម្រោង ដាំស្តារព្រៃឈើឡើងវិញនៅចំណុចស្នាក់ការខ្ទង់ នៃដែនជម្រកសត្វព្រៃភ្នំព្រេច ដែលមានការដុះលូតលាស់នៅលើផ្ទែដី៦ហិកតា គួរឲ្យកត់សម្គាល់។ 

លោកអគ្គាធិការបានមានប្រសាសន៍ថា គម្រោងដាំស្ដារព្រៃឈើឡើងវិញនេះជាគម្រោងដែលទទួលថវិកាពីមូលនិធិ បរិស្ថាន និងសង្គម តាមរយៈក្រសួងបរិស្ថាន ដោយបានផ្ដោតសំខាន់លើ ការបណ្ដុះ និងការដាំកូន ឈើប្រភេទអាកាស្យាជ្រើសធ្វើជាមេពូជ (Acacia auriculifarmis)។ ឯកឧត្តម បានមានប្រសាសន៍បន្តថា ដំណុះឈើក្លូនរុក្ខជាតិនេះគឺលូតលាស់លឿនគួរឲ្យកត់សម្គាល់ ដែលមន្រ្តីឧទ្យានុរក្ស និងក្រុមការងារទាំង អស់ ធ្វើជាប្រចាំនូវការរៀបចំប្រព័ន្ធទឹក និងរៀបចំដីសម្រាប់ការដាំនៅដើមរដូវវស្សាខាងមុខនេះ។

លោកអគ្គាធិការបញ្ជាក់ទៀតថា ក្លូនប្រភេទអាកាស្សាមានចំនួន១០ម៉ឺនកូន ដែលមន្រ្តីឧទ្យានុរក្ស ត្រូវបណ្ដុះនិងដាំនៅលើផ្ទៃដីទំហំជាង៥០ហិកតា ក្នុងដែនជម្រក សត្វព្រៃភ្នំព្រេច។ លោកអគ្គាធិការបញ្ជាក់ថា ក្នុងនាមលោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានសូមកោត សរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំង អស់ ដែលបានយកចិត្តទុកដាក់អនុវត្តការងារបច្ចេក ទេសមួយនេះទទួលបាននូវលទ្ធផលគួរជាទីមោទនៈ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសគឺសាមគ្គីភាពផ្ទៃក្នុង៕

ដោយ៖ សូរិយា


ចែករំលែក៖