ភ្នំពេញ ៖ នារីម្នាក់បើកម៉ូតូដេញតាមចោរឆក់កាបូបរបស់គាត់បណ្តាលឱ្យជ្រុលទៅបុកម៉ូតូអ្នកដំណើរមួយគ្រឿងទៀតរងរបួសធ្ងន់ទាំងសងខាង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដើម្បីសង្រ្គោះភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះបានបើកម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ1Q- 7478 ជិះដេញតាមម៉ូតូជនសង្ស័យមួយគ្រឿងមិនចាំម៉ាកពីម្តុំលូ៥ផ្លូវវេងស្រេង ឆ្ពោះមកច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងទិសដៅពីលិចទៅកើត ដោយស្រែកថាចោរៗ ចោរឆក់កាបូបខ្ញុំ! ខណ:មកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកម៉ូតូអ្នកដំណើរមួយគ្រឿងដែលកំពុងតែធ្វើដំណើរតាមផ្លូវពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ ហើយធ្វើកំណត់ហេតុនិងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ដើម្បីស្រាវជ្រាវ និងដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ជ្រោយពេជ្រ