ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកមុិញ ! លោក ប្រាក់ សុខុន បានអញ្ជើញចេញដំណើរទៅទីក្រុងបាងកក ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ ពីថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២៣ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចេញដំណើរទៅទីក្រុងបាងកក ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ ពីថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចផ្លូវការការនេះ «លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញទស្សនកិច្ច 

នៅប្រទេសថៃ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការកំពុងលូតលាស់»។

សូមបញ្ជាក់ថា, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ។

លោកឧបនាយករដ្ឋមន្ត្រីទាំងពីរ នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីទំនាក់ទំនង ទ្វេភាគីដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការកំពុងលូតលាស់លើគ្រប់វិស័យ ដូចជា វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ ការតភ្ជាប់ អប់រំ សុខាភិបាល និងវប្បធម៌។ល។ កិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអាស៊ាន ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ក៏ នឹងត្រូវលើកយកមកពិភាក្សា ផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយ  នាយឧត្ដមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ផងដែរ។

មិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើ គ្រប់វិស័យ រវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ និងបានឈានឡើងដល់ កម្រិត «ភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព»៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖