ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន ស្តីពីការរកឃើញករណីទី១ នៃជំងឺផ្តាសាយបក្សី លើមនុស្សនៅព្រះរាជាណាចក្រកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា មានករណី ជំងឺផ្តាសាយបក្សីចំនួន០១ករណី ដែលត្រូវបានអះអាងបញ្ជាក់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈថា មានវិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អុិន១ (H5N1) លើកុមារីម្នាក់អាយុ ១១ឆ្នាំ៦ខែ ដែលមានទីលំនៅក្នុងភូមិរលីង ឃុំរំចេក ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។

កុមារីរូបនេះ ចាប់ផ្តើមឈឺ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ (៣៩អង្សាសេ) ព្រមទាំង មានក្អក និងឈឺបំពង់ក ក្រោយទទួលការព្យាបាលនៅក្នុងភូមិមិនធូរស្រាលរយ:ពេល ៣ថ្ងៃ កុមារីក៏ចាប់ផ្ដើមមានអាការៈ ហត់ ត្រូវបានបញ្ចូនបន្តទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅរាជធានីភ្នំពេញនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅថ្ងៃដដែល គ្រូពេទ្យនៅមន្ទីរពេទ្យនេះ បានយកវត្ថុសំណាកទៅវិភាគនៅវិទ្យាស្ថានជាតិសុខភាពសាធារណ: ហើយទទួល បានលទ្ធផលនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បញ្ជាក់ថា មានវិជ្ជមាន វីរុសផ្តាសាយបក្សី H5NI ចំណែកឯកុមារីរូបនេះ ក៏ បានបាត់បង់ជីវិតនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះដែរ និងធ្វើពិធីបុណ្យសពតាមប្រពៃណីនៅភូមិខាងលើ។

តាមការសាកសួរ នៅក្នុងបឹងអភិរក្សក្បែរភូមិដែលក្រុមគ្រួសារកុមារីរូបនេះរស់នៅ មានសត្វព្រៃងាប់ជាច្រើនខុស ប្រក្រតី ដូច្នេះ ពេទ្យសត្វ បានយកវត្ថុសំណាកទៅវិភាគនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ តែនៅមិនទាន់ទទួលលទ្ធផលនៅ ឡើយ។ នេះជាករណីទី១ បន្ទាប់ពីមិនបានរកឃើញវីរុសប្រភេទនេះ លើខ្លួនមនុស្សអស់រយៈពេល០៩ឆ្នាំកន្លងមកហើយ ដែលករណីចុងក្រោយជាករណីទី៥៧ បានរកឃើញនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ ដែលកើតមានឡើងនៅក្នុងព្រះរាជា ណាចក្រកម្ពុជា ក្នុងនោះ មាន៤៥ករណីកើតលើកុមារអាយុក្រោម១៤ឆ្នាំ និង៣១ករណីក្នុងចំណោម៥៧ករណីជានារី។ ចាប់តាំងពីមានជំងឺផ្តាសាយបក្សីលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០០៥ ក្នុងចំណោមអ្នកដែលមានឆ្លងវីរុស H5N1 ចំនួន៥៧ករណីនេះ មានតែ១៩នាក់ទេដែលមានជីវិត។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល និងថ្នាក់ក្រោមជាតិបាននឹងកំពុងធ្វើការអង្កេតស្រាវជ្រាវការកើត ឡើងនូវជំងឺផ្ដាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រនីតិវិធីរបស់ជាតិ និងបានសហការគ្នារវាងក្រុម ឆ្លើយតបបន្ទាន់ពេទ្យមនុស្ស និងពេទ្យសត្វ ស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និង អ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀត ទាំងក្នុងសហគមន៍ និងក្នុងពិធីបុណ្យ និងធ្វើយុទ្ធនាការអប់រំសុខ ភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា “ ជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាជនកម្ពុជា និងកើតមានច្រើនលើកុមារដែលជាក្រុមមានហានិភ័យខ្ពស់ និងមានភាពងាយរងគ្រោះច្រើន។ ករណីកុមារីដែលបានស្លាប់នេះ គឺជាករណីផ្តាសាយបក្សីទី៥៧ ដែលកើតមានលើមនុស្ស ចាប់តាំងពីឆ្នាំ២០០៥ ហើយនេះជាករណីទី១ ដែលបានកើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ជានិច្ចកាល កុមារកំពុង តែមានការលេង និងឲ្យចំណីបសុបក្សីក្នុងស្រុក ឬជួយបោសសម្អាតទ្រុង និងប្រមូលស៊ុតមាន់-ទា ហើយជាងនេះទៅទៀត កុមារអាចប៉ះពាល់ជិតស្និទ្ធជាមួយបសុបក្សីដោយសារពួកគេចាត់ទុកវាដូចជាសត្វដែលចិញ្ចឹម និងលេងជាមួយសត្វ ដូច្នេះ ពួកគេ មានភាពងាយរងគ្រោះច្រើន និងមានហានិភ័យខ្ពស់ ពីព្រោះពួកគេចូលចិត្តលេង ដែលកន្លែងលេងនោះ ក៏មាន បសុបក្សីដែរ។ សូមរំលឹកដល់មាតាបីតា អាណាព្យាបាល និងអ្នកថែទាំកុមារទាំងអស់ ត្រូវដាក់កុមារនៅឱ្យឆ្ងាយពីសត្វ បសុបក្សីរស់ ឬឈឺ ឬងាប់ និងព្យាយាមឱ្យកុមារលេងឱ្យឆ្ងាយពីសត្វទាំងនោះ។ ឪពុកម្តាយ និងអ្នកថែទាំកុមារទាំងអស់ ត្រូវ ប្រាកដថា កុមារលាងដៃជាមួយសាប៊ូនឹងទឹកស្អាត មុនពេលបរិភោគអាហារ និងបន្ទាប់ពីប៉ះពាល់ជាមួយបសុបក្សី។ ដៃអាច ប្រលាក់ដោយវីរុស ដែលវីរុសនេះ មិនអាចមើលឃើញដោយភ្នែកទទេឃើញនោះទេ។ សាប៊ូលាងសម្អាតវីរុសដែលជាប់នៅ ដៃយើង។ ប្រសិនបើពួកគេមានដង្ហើមញាប់ ឬ ពិបាកដកដង្ហើម ត្រូវនាំកុមារទៅរកការព្យាបាលជាបន្ទាន់ នៅតាមគ្រឹះស្ថាន សុខាភិបាល ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ របស់លោកអ្នកបំផុត ហើយត្រូវរាយការណ៍ជូនមន្ត្រីសុខាភិបាល អំពីប្រវត្តិប៉ះ ពាល់ជាមួយសត្វបសុបក្សីរស់ ឬឈឺ ឬ ងាប់។ “

ក្រសួងសុខាភិបាល តែងតែចេញនូវសេចក្ដីប្រកាសព័ត៌មានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ជាញឹកញាប់អំពី វិធានការបង្ការ និងការពារការឆ្លងជំងឺផ្តាសាយបក្សីនេះជារៀងរាល់ឆ្នាំជាក់ស្ដែងថ្មីៗកន្លងទៅនេះនៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៣ ក៏បានចេញនូវសេចក្តីណែនាំក្រើនរំលឹកស្ដីពីការការពារការចម្លងជំងឺកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងការបង្ការការ ពុលចំណីអាហារ ឬពុលស្រា … ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា និងនាឱកាសចូលឆ្នាំប្រពៃណី ជាតិខ្មែរ ពីព្រោះសង្កេតឃើញថា វីរុសផ្ដាសាយបក្សីនៅតែបន្តមានចរាចរលើសត្វបសុបក្សីនៅឡើយ។ សារអប់រំរបស់រាជ រដ្ឋាភិបាល រួមមាន៖

-លាងដៃអោយបានញឹកញាប់ ជាមួយសាប៊ូនិងទឹក មុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយ បសុបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី ដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺ ឬងាប់ និងរាល់ សត្វបក្សីដែលយកមកធ្វើជាម្ហូបអាហារសម្រាប់បរិភោគ ត្រូវសម្អាត និងចម្អិនឱ្យបានឆ្អិនល្អ។

ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាមានការចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្សដែរ។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការ ព្យាបាលនៅមន្ទីរពេទ្យ។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ប៉ុន្តែបើវាផ្លាស់ប្តូរ វានឹងអាចរាលដាល ដូចនឹងជំងឺផ្តាសាយតាមរដូវកាល។ ដូច្នេះ ការរកឃើញករណីឆ្លងទាន់ពេលវេលា និងទប់ស្កាត់ការចម្លងបន្តឱ្យបាន លឿន គឺមានសារៈសំខាន់បំផុត កុំឱ្យមានការផ្ទុះការឆ្លងនៅក្នុងសហគមន៍។

ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាព ដែលអាច ទាញយកមកមើល និងប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖