ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានចេញ កំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ។
អនុក្រឹត្យនេះកំណត់អំពីតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ដើម្បីការពារនិងអភិរក្សសត្វផ្សោតដែលជារតនសម្បត្តិ ធម្មជាតិមានជីវិតដ៏ពិសិដ្ឋ ប្រកបដោយប្រសិទ្ធភាព សំដៅចូលរួមអភិវឌ្ឍវិស័យអេកូទេសចរណ៍ លើកកម្ពស់សេដ្ឋកិច្ច សង្គមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងថែរក្សាលំនឹងមជ្ឈដ្ឋានធម្មជាតិ សម្រាប់ការរីកលូតលាស់នៃជីវចម្រុះ និងទ្រទ្រង់ការរស់នៅរបស់សត្វផ្សោត។
អនុក្រឹត្យនេះមានវិសាលភាពអនុវត្តលើតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែងនិងខេត្តក្រចេះ។
តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយ មានកិច្ចសហការជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ។
តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គមានប្រវែង១២០(មួយរយម្ភៃ)គីឡូម៉ែត្រ ក្នុងនោះខេត្តស្ទឹងត្រែងមានប្រវែង ៣៥(សាមសិបប្រាំ)គីឡូម៉ែត្រនិងខេត្តក្រចេះមានប្រវែង៨៥(ប៉ែតសិបប្រាំ)គីឡូម៉ែត្រ ដែលលាតសន្ធឹងចាប់ពីប៉ែកខាង ក្រោមស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ក្នុងខេត្តក្រចេះ មានទំហំសរុប ៦២១(ប្រាំមួយរយម្ភៃមួយ)គីឡូម៉ែត្រក្រឡា ត្រូវកំណត់ជាកន្លែងអភិរក្ស (តំបន់ស្នូលអចិន្ត្រៃយ៍) ទំហំ២១៦,៤(ពីររយដប់ ប្រាំមួយក្បៀសបួន)គីឡូម៉ែត្រក្រឡា និងកន្លែងការពារ (តំបន់ស្នូលតាមរដូវកាល) ទំហំ៤០៤,៦(បួនរយបួនក្បៀស ប្រាំមួយ)គីឡូម៉ែត្រក្រឡា ដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រពាក់ព័ន្ធនឹងការរស់នៅ ការបន្លាស់ទី ការស្វែងរកចំណី និងការបន្តពូជរបស់សត្វផ្សោត។
សូមអានអនុក្រិត្យទាំងស្រុងដូចខាងក្រោម ៕
ដោយ ៖ សិលា